(ព្រៃវែង)៖ អង្គភាពសារព័ត៌មាន«ម្ចាស់ទន្លេមេគង្គ» សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ស្នងការដ្ឋាននគរបាលខេត្ត«ព្រៃវែង» នៃការបំភ្លឺជូនសាធារណជន ពាក់ព័ន្ធនឹងករណីចោរលួច-ប្លន់ម៉ូតូ ក្នុងភូមិសាស្ត្រស្រុកពារាំង ខេត្តព្រៃវែង កន្លងថ្មីៗនេះ ដែលបានរៀបរាប់ប្រាប់ថា៖ «ការដ្ឋាននគរបាលខេត្តព្រៃវែង សូមបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា សារព័ត៌មាន ” ម្ចាស់ទន្លេមេគង្គ ” បានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណីចោរលួច-ប្លន់ម៉ូតូជាច្រើនគ្រឿង នៅភូមិសាស្ត្រស្រុកពារាំង ខេត្តព្រៃវែង» ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាឲ្យកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពារាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង ប៊ុនធឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកពារាំង ចុះធ្វើការស្រាវជ្រាវ និងបង្ក្រាប ទទួលបានលទ្ធផលដូចខាងក្រោម ៖
ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០.៣០ នាទីព្រឹក សមត្ថកិច្ចនគរបាលស្រុកពារាំង និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមេសរប្រចាន់ បានបង្ក្រាបករណីចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ (ម៉ូតូ) នៅចំណុចវាលស្រែ ស្ថិតនៅភូមិសន្លុង ឃុំរកា និងវាលស្រែ ស្ថិតនៅភូមិកំពង់ទ្រា ឃុំមេសរប្រចាន់ ស្រុកពារាំង និងបានឃាត់ខ្លួនក្រុមចោរចំនួន ០៣នាក់ និងបានរកឃើញម៉ូតូពីក្រុមចោរ០១គ្រឿងទៀតផង។
ចំពោះករណីនេះ សមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទាំង០៣នាក់ រួមទាំងវត្ថុតាងទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីចាត់ការបន្តតាមនីតិវីធី។
ផ្អែកតាមលទ្ធផលនៃអនុវត្តវិធានការជំនាញ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណមុខសញ្ញាបក្ខពួកក្រុមចោរលួច-ប្លន់ សរុបចំនួន០៥នាក់ និងកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យដែលនៅសេសសល់មកផ្តន្ទាទោសតាមច្បាប់។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មាន ម្ចាស់ទន្លេមេគង្គ សាធារណជន និងពិសេសបណ្តាញទំនាក់ទំនងសង្គម ដែលតែងតែសហការផ្តល់ព័ត៌មាន ឬតម្រុយនៃការប្រព្រឹត្តបទល្មើស ដើម្បីសមត្ថកិច្ចមានមូលដ្ឋាន ចាត់វិធានការអនុវត្តជំនាញ ឬ វិធានការច្បាប់បានទាន់ពេលវេលា ៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្ត«ព្រៃវែង»