(ខេត្ដព្រៃវែង)
៖ នៅព្រឹកថ្ងៃពុធ ០១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ញ៉ែម សាខន ស ខេង និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង រួមជាមួយឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត មន្រី្តរាជការជុំវិញខេត្ត បានប្រារព្ធពិធីរាប់បាត្រ ឆ្លងដាក់បិណ្ឌទី១ ដែលធ្វើនៅភូមិគ្រឹះសម្ដេច ជា ស៊ីម ស្ថិតនៅក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
នៅក្នុងពិធី រាប់បាត្រឆ្លងដាក់បិណ្ឌវេនទី១ នេះក៏មានការនិមន្តព្រះសង្ឃចំនួន ១០ វត្ត ដែលនៅក្នុងស្រុកកំចាយមារ ដើម្បីវេរប្រគេននូវភត្តាហារ សម្ភារៈបរិក្ខា ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងស្រុកកំចាយមារនេះ។ ហើយការធ្វើនេះគឺលោកជំទាវ ញ៉ែម សាខន ស ខេង និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលអាក់ខានម្តងណាឡើយ ហើយការធ្វើនេះដែរគឺក្នុងគោលបំណងដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យដល់ញាតិការទាំង ៧ សន្តាន ដែលបានពលីកម្ម ជូនជាតិមាតុភូមិ ជាពិសេស សូមឧទ្ទិសមហាកុសល ផលបុណ្យដល់ ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ដែលសម្ដេចបាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិ ពេញមួយជីវិតដើម្បីទទួលបាននូវ សន្តិភាព ស្ថេរភាព រហូតមកដល់សព្វថ្ងៃនេះ សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់សម្ដេចនិងលោកជំទាវ ទៅកាន់សុគតិភពកុំបីអាក់ខានហើយ។
ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ក៏សូមអំពាវនាវដល់ពុទ្ធបរស័ទ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ៣ការពារ និងកុំ សំដៅទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេសក្នុងពិធីបុណ្យកាន់បិណ្ឌនេះឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា៖ ពិធីបុណ្យភ្ជុំបិណ្ឌ ដាក់បិណ្ឌនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ៕