(ខេត្តស្វាយរៀង)៖ ប្រជាពលរដ្ឋ ជាអ្នកលក់ខ្យង បានប្រទះឃើញ សាកសពស្ត្រីម្នាក់ ដោយមានរបួសដាច់ក្បាល នៅមាត់ច្រាំងទន្លេវ៉ៃគោ ជាប់កន្លែងលក់ខ្យង ។ ករណីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ តាមដងផ្លូវ និងសមត្ថកិច្ច ចុះទៅពិនិត្យ ដល់ កន្លែងកើតហេតុ នៅវេលាម៉ោងជាង ៦ ព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិ លេខ១ ត្រង់ចំណុចខាងកើតស្ពានហាយវ៉េ ចម្ងាយប្រមាណ ១០០ ម៉ែត្រ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិ តាហោ ក្រុងស្វាយរៀង ។
ក្នុងករណីនេះ លោក ពុត កយ ស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្ត បានដឹកនាំកម្លាំងខណ្ឌ រួមទាំង នគរបាលក្រុងស្វាយរៀង ចុះពិនិត្យសពស្ត្រីរងគ្រោះ ហើយជាលទ្ធផល សមត្ថកិច្ចជំនាញ បានសន្និដ្ឋាន ថា៖ ការស្លាប់របស់ស្ត្រីនោះ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ ពុំមែនជាអំពើឃាដកម្ម នោះទេ។ ស្ត្រីរងគ្រោះ គឺជាជនអនាថា អាយុប្រមាណជាង ៤០ ឆ្នាំ ក៏ប៉ុន្តែមិនទាន់ស្គាល់ អត្តសញ្ញាណ និងសាច់ញាតិ នៅឡើយទេ។
ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ច បានហៅរថយន្តសាមុយ ដឹកសពជនរងគ្រោះ ទៅ តម្កល់ នៅវត្តពោធិតាហោ ដើម្បីស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី។
ទាក់ទិននឹងករណីនេះដែរ លោកវរៈសេនីយ៍ទោ កែន រិទ្ធី អធិការនគរបាល ក្រុងស្វាយរៀង បានបញ្ជាក់ថាៈ ជាករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង នៅវេលាម៉ោងប្រមាណជា ៣ ឬ ៤ ទៀបភ្លឺ ថ្ងៃទី៦ កញ្ញានេះ ទំនងជនរងគ្រោះ ដើរនៅលើផ្លូវរថយន្ត ហើយដោយមេឃងងឹត មានភ្លៀងធ្លាក់ ផង ហើយជនរងគ្រោះ ស្លៀកសំលៀកបំពាក់ ពណ៌ខ្មៅផង ស្របពេលរថយន្ត បើកបរលឿនផង ក៏បុកស្ត្រីរងគ្រោះ ពីក្រោយប៉ើង ប្រមាណ ២០ ម៉ែត្រ ធ្លាក់ចូលទៅច្រាំងព្រែក ទន្លេវ៉ៃគោ របួស បែកក្បាល ស្លាប់តែម្តង ។
ចំណែក រថយន្តបង្ក បើកបរ ពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត ក្រោយពីបុកស្ត្រីរងគ្រោះ ហើយក៏បានបន្ថែមល្បឿន បើកគេចខ្លួន បាត់ស្រមោល បន្សល់ទុកនៅចង្កៀង រថយន្តខាងស្តាំ និង កម្ទេចកម្ទី កញ្ចក់ចង្កៀងរថយន្ត នៅនឹងកន្លែងកើតហេតុ ជាមួយនឹងសាកសពស្ត្រីរងគ្រោះ ។
សមត្ថកិច្ច ក៏បានប្រកាស ដល់ប្រជាពលរដ្ឋណា មានបាត់សមាជិកគ្រួសារ ដែលជាស្ត្រីអនាថា ដែលមានអាយុប្រមាណជា ៤០ ឆ្នាំនេះ សូមមកទាក់ទងសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ ពោធិតាហោ ហើយសពតម្កល់ នៅវត្តពពោធិ៍តាហោ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ៕