(បន្ទាយមានជ័យ) ៖ យុវជន២នាក់បងប្អូន ផឹកស្រវឹង បង្កការអុកឡុកនៅកន្លែងយកសំណាក ព្រមទាំងបានជេរប្រមាថ មើលងាយ អាជ្ញាធរអនុវត្តច្បាប់ ក្នុងពេលអាជ្ញាធរ ចុះសម្របសម្រួលការយកសំណាកបងប្អូនប្រជាពលរដ្ឋ នៅបណ្តាយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ បញ្ជូនទៅអធិការក្រុងសិរីសោភ័ណ នៅថ្ងៃទី២៨ ខែសីហា ។
យុវជន២នាក់បងប្អូនខាងលើបានល្មើសនឹងបំរាមក្រសួងសុខាភិបាល និងវិធានការរបស់រដ្ឋបាលខេត្ត បាននាំគ្នាផឹកស៊ីស្រវឹងទាំងព្រឹក មិនព្រមសហការជាមួយអាជ្ញាធរក្នុងការយកសំណាក ដើម្បីធ្វើតេស្តរកកូវីដ-១៩ ក្នុងពេលគណបញ្ជាការឯកភាពរដ្ឋបាលក្រុងដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា ប្រធានគណបញ្ជាការ បានចុះសម្របសម្រួលការយកសំណាកបងប្អូនពលរដ្ឋនៅភូមិសែសិន សង្កាត់អូរអំបិល ស្រាប់តែបុគ្គលទាំង២នាក់បងប្អូនបង្កការអុកឡុក មិនព្រមសហការជាមួយអាជ្ញាធរ ហើយថែមទាំងបានជេរប្រមាថ មើលងាយ នឹងរកវាយអាជ្ញាធរថែមទៀតផង។
លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ឲ្យដឹងថា យុវជនទាំង២នាក់ ១-ឈ្មោះ សយ ចិត្ត ២-ឈ្មោះ សយ មាន ជាបងប្អូននឹងគ្នា រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្នយុវជន២នាក់បងប្អូនខាងលើ សមត្ថកិច្ចបាននាំខ្លួនទៅអធិការនគរបាលក្រុង ដើម្បីធ្វើការអប់រំណែនាំ និងបានធ្វើកិច្ចសន្យាព្រមានលើកទី១ រួចឲ្យវិលត្រលប់ទៅផ្ទះវិញ ៕