(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃទី ២១ សីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពក្នុង ពិធីបិទវគ្គបណ្តុះបណ្តាល និងពិធីគូរផែនទី និងចុះបញ្ជីរសហគ្រាស ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល ដែលរៀបចំដោយមន្ទីរផែនការខេត្តកណ្ដាល នៅសាលាខេត្តកណ្ដាល។
មានប្រសាសន៍ក្នុងពិធីបិទវគ្គ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២នាពេលនេះ គឺមានសារសំខាន់ណាស់សម្រាប់ជាមូលដ្ឋានឱ្យ រាជរដ្ឋាភិបាលរៀបចំគោលនយោបាយ និងកំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច ដើម្បីស្ដារ និង ពន្លឿនការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ អោយមានការវិវត្តន៍ និងរីកចំរើន។ ដូច្នេះការចុះទៅអនុវត្តនីតិវិធីគូស ផែនទី និងចុះបញ្ជីសហគ្រាស នៃការធ្វើជំរឿនសេដ្ឋកិច្ចត្រូវធ្វើឱ្យបានច្បាស់លាស់ ប្រសិនបើយើងធ្វើជំរឿនមិនច្បាស់លាស់ ការកំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដកិច្ចក៏មិនបានត្រឹមត្រូវ ខាតបង់ដល់ជាតិទាំងមូលផងដែរ ។
ឯកឧត្ដមអភិបាលខេត្ត បន្តថា ដើម្បីអោយការងារនេះ ទទួលបានជោគជ័យតាមការគ្រោងទុក សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងដំណើរការអនុវត្ត ការងារគូរផែនទី និងការចុះបញ្ជីរសហគ្រាសសេដ្ឋកិច្ចអោយបានត្រឹមត្រូវតាមការកំណត់ក្នុងនីតិវិធី ។ ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសមេឃុំ ចៅសង្កាត់។
ទន្ទឹមនឹងនោះ មន្ទីរផែនការខេត្ត ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ត្រូវជួយសម្របសម្រួលនូវរាល់បញ្ហា អសកម្មនានា អោយមានភាពរលូន និងទាន់ពេលវេលា ។ ក្នុងករណីមានបញ្ហាដែលដោះស្រាយមិនបាន ត្រូវរាយការណ៍ និងសុំយោបល់បន្ទាន់ ដើម្បីឱ្យការងារនេះសម្រេចតាមផែនការ ។
ឯកឧត្ដមអភិបាលខេត្ត បានសំណូមពរដល់សិក្ខាកាមទាំងអស់ នៅពេលចុះត្រូវគោរព និងអនុវត្តន៍តាមវិធានការរបស់ក្រសួង សុខាភិបាល ពិសេសប្រសាសន៍ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង ៣កុំ ដោយត្រូវធានា ថា ការងារទទួលបានជោគជ័យ ឯមន្ត្រីក៏មានសុវត្ថិភាព ជៀសផុតពីជំងឺកូវីដ-១៩ផងដែរ៕