(ខេត្តតាកែវ)៖ ប្រជានេសាទ ត្អូញត្អែរថា នៅរដូវទឹកឡើងឆ្នាំនេះ ទឹកតូចធ្វើឲ្យការនេសាទរបស់ពួកគាត់ប្រឈម និងការរកត្រីពុំសូវបានឡើយ។ ប៉ុន្តែអ្វីដែលជាបញ្ហា រឹតតែពិបាកថែមទៀតនោះ គឺតែងរងការគាបយកលុយជាបន្តបន្ទាប់ពីសំណាក់មន្រ្តីរដ្ឋបាលជលផល រួមទាំងមន្រ្តីនគរបាលមួយចំនួនផងដែរ។ ហើយបើពុំព្រមបង់ឲ្យទេ កុំសង្ឃឹមថាបានរកស៊ី ព្រមទាំងទទួលរងការចាប់ផាកពិន័យ រាប់លានរៀល និងរងការប្រើអំពើហិង្សាមិនខានឡើយ។
ប្រជានេសាទ ភូមិចំនួន៤ គឺភូមិព្រែកដា ភូមិទួលពុទ្រ្ទា ភូមិបាក់ដាយ និងភូមិព្រែកតាផ របស់ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ឆ្លៀតពេល ពីការធ្វើស្រែចម្ការ បាននាំគ្នានេសាទត្រីដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃសម្រាប់គ្រួសារ។
ប្រជាពរដ្ឋទាំងនោះបានលើកឡើងប្រាប់ សារព័ត៌មានធំ ក្នុងស្រុកមួយ ថា ពួកគាត់បានចំណាយដើមទុនចាប់ពីជាង ៣លាន រៀល ឡើងទៅក្នុងការទិញឧបករណ៍ ណារ៉ាវ ដើម្បីនេសាទត្រី ប៉ុន្តែនៅរដូវទឹកឡើងក្នុងឆ្នាំ២០២១នេះ ទឹកតូចនេសាទពុំសូវបានផលនោះទេ ។ ហើយអ្វីដែលជួបការលំមួយកម្រិតធំថែមទៀតនោះពេលកំពុងតែសាទអត់បានផង បែរជាត្រូវទទួលរងការគាបសង្កត់យកលុយពីក្រុមរដ្ឋបាលជលផលថែមទៀត។
ពួកគាត់បានបន្តទៀតថា ខាងរដ្ឋបានជលផលមាន២ក្រុម ដែលបានចេញធ្វើសកម្មភាពយកលុយពីពួកគាត់គឺទី១ រដ្ឋបាលជលផលចតុមុខ ដឹកនាំមន្រ្តីម្នាក់ ឈ្មោះ ចេតនា យកក្នុង១ទូក ចំនួន១៥ម៉ឺនរៀល។
ទី២ ខាងរដ្ឋបាលជលផលស្រុកអង្គរបុរីយក១ទូកចំនួន២៥ម៉ឺនរៀល ក្រៅពីនេះក៏មានខាងមន្រ្តីនគរបាលមួយចំនួនទៅយកលុយនិងគេដែរ ។ហើយបើគ្មានលុយបង់ឲ្យទេកុំសង្ឃឹមថា បានរកស៊ីស្រួលឲ្យសោះហើយស្រួលមិនស្រួលត្រូវមន្រ្តីទាំងនេះចាប់រឹបអូសយកឧបករណ៍នេសាទទៅបាត់ ថែមទាំងត្រូវទទួលរងការផាកពិន័យជាប្រាក់ចាប់ពី២ ទៅ ៣លានរៀល ពេលខ្លះប្រើអំពើហិង្សាដាក់ពួកគាត់ថែមទៀតផងក៏មានដែរ។
ប្រភពដដែលបានបន្តទៀតថា ពួកគាត់បាននេសាទតែនៅក្នុងឡូត៌នេសាទលេខ ១៤, ១៥ ,១៦ ,១៧ ,១៨,ជាដើមដែលឡូត៌នេសាទទាំងនេះត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បើកឲ្យប្រជាពលរដ្ឋរកស៊ី នេសាទត្រីដោយសេរីកាលពីឆ្នាំ២០០៧ ។ លើកលែងតែតំបន់អភិរក្ស ដែលមានសត្វស្លាបរស់នៅ និងព្រៃលិចទឹកសម្រាប់ត្រីពងនិងកូនដែលពុំអាចប៉ះពាល់បានឡើយ ម្យ៉ាងទៀតការនេសាទដោយការដាក់ណារ៉ាវនេះមិនប៉ះពាល់ដល់របាំងនៅលើទឹកនោះទេគឺដាក់នៅបាតដី ឯណោះ ប៉ុន្តែពុំដឹងថា ល្មើសទៅនិងអ្វីនោះទេ ទើបក្រុមមន្រ្តីទាំងអស់ខាងលើនោះតែងនាំគ្នាគាប់សង្កត់យកលុយអត់ឈប់បែបនេះ។
ប្រជានេសាទទាំងនេះបាននិយាយថា សម្រាប់ដើមទុនរកស៊ី ចំពោះអ្នកធូរធារមិនអីទេ អាចយកប្រាក់ផ្ទាល់ខ្លួន ទៅទិញឧបករណ៍នេសាទត្រី បានស្រួលហើយទោះរកបាន ឬពុំបានអត់ឈឺក្បាលដែរ។ ប៉ុន្តែចំពោះអ្នកអត់វិញត្រូវខ្ចីចងការលុយគេ យកមកទិញឧបករណ៍នេសាទ ដើម្បីរកប្រាក់ចិញ្ចឹមឆ្នាំងបាយនិងត្រូវបង់លុយឲ្យគេរាល់ថ្ងៃឬខែ ហើយបើរកបានមិនអីនោះទេ ។ តែបើរកពុំបានវិញ ពិតជាលំបាកខ្លាំងណាស់ ហើយគួបផ្សំនិងការគាបយកលុយពីក្រុមរដ្ឋបាលជលផលខាងលើនិងនគរបាលមួយចំនួនផងនោះពិតជាយ៉ាប់រកថ្លែងពុំបានឡើយ។ ដូច្នេះពួកគាត់សូមទទូចដល់មន្រ្តីពាក់ព័ន្ធនានាមេត្តាជួយគិតគូពីទុក្ខលំបាក របស់ពលរដ្ឋផង។
ជុំវិញការ លើកឡើងពីទុក្ខលំបាករបស់បងប្អូនប្រជានេសាទទាំងនោះ អ្នកសារព័ត៌មាន យើង ពុំទាន់អាចទទួលបានការបំភ្លឺណាមួយពីខាង រដ្ឋបាលជលផលចតុមុខ និងរដ្ឋបាលជលផលស្រុកអង្គរបុរី នៅឡើយទេ ហើយក៏រង់ចាំនូវការបកស្រាយបំភ្លឺ ដើម្បីអោយមហាជន អស់មន្ទិលសង្ស័យ៕