ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ជុំវិញការរៀបចំមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងការទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ

(ខេត្ដកំពង់ចាម)

៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត កំពង់ចាម បានធ្វើការណែនាំដល់គណៈកម្មការខេត្តប្រយុទ្ឋ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ឲ្យ​ត្រៀមរៀបចំស្បៀង និងមណ្ឌលចត្តាឡីស័កតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ រហូតដល់ភូមិ សម្រាប់ទទួលពលករវិលត្រឡប់មកពីប្រទេសថៃ​ និងបន្តត្រៀមរៀបចំមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ១៩ នៅតាមក្រុង ស្រុក ទាំង១០ ក្នុងខេត្តកំពង់ចាម​ ការណែនាំ​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលកូវីដ១៩ បន្ថែម​ សម្រាប់ទទួលពលករត្រឡប់មកពីប្រទេសថៃ​ នៅក្នុងបរិវេណសួនគ្រញូងនគរបាជ័យ ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី​១២​ ខែសីហា​ ឆ្នាំ​២០២១​ ។

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ បាន​ណែនាំ​ដល់​ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង ស្រុក , តំណាងរាស្ត្រ ក៏ដូចជាសមាជិកព្រឹទ្ឋសភា ត្រូវចូលរួមសហការជាមួយគណៈកម្មការខេត្តប្រយុទ្ឋនឹងកូវីដ១៩ ដោយគាំទ្រ និងឧបត្ថម្ភតាមគ្រប់មធ្យោបាយ ជាពិសេសផ្នែកសម្ភារៈ និងថវិកា ដល់រដ្ឋបាលក្រុង ស្រុក ដើម្បីបន្តត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ១៩ ដែលជាពលករ ពលការិនី មានទីលំនៅក្នុងខេត្តកំពង់ចាម ហើយត្រូវបានបញ្ជូនពីបណ្តាខេត្តជាប់ព្រំដែនមកបន្តធ្វើចត្តាឡីស័ក និងព្យាបាលនៅមូលដ្ឋានស្រុកកំណើតរបស់ខ្លួនវិញ។

ក្នុងនោះឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​ណែនាំ​សូមឲ្យ​ផ្អាកទទួលយកអ្នកពាក់ព័ន្ឋនឹងអ្នកវិជ្ជមានកូវីដ១៩ ដែលមិនមែនជាប្រភេទឌែលតា មកធ្វើចត្តាឡីស័កនៅតាមក្រុង ស្រុក ដោយបង្វែរការធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ឋនឹងអ្នកជម្ងឺកូវីដ១៩ ដែលមិនមែនជាប្រភេទឌែលតា ទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនវិញ។

ក្នុងករណីនេះ យើងត្រូវត្រៀមមណ្ឌលចត្តាឡីស័កទទួលយកពលករ ត្រឡប់មកពីប្រទេសថៃ ដែលភាគច្រើនពាក់ព័ន្ឋនឹងមេរោគកូវីដ១៩ បម្លែងថ្មីប្រភេទឌែលតា។

ព្រមទាំង​ស្នើសុំបន្ថែមព័ត៌មានពីករណីមេរោគកូវីស១៩ ប្រភេទឌែលតា ដែលខេត្តបានរកឃើញ ដើម្បីពង្រឹងយន្តការគ្រប់គ្រប់កុំឲ្យរីករាលដាលក្នុងសហគមន៏។

ជាពិសេស​​ត្រូវ​បន្តយុទ្ឋធាការចាក់វ៉ាក់សាំងទាំងជំហានទី១ ជំហានទី២ ក៏ដូចជាដូសទី៣ (ដូសជំរុញ) ទៅតាមការណែនាំរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងបន្តចុះផ្សព្វផ្សាយឲ្យប្រជាជនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នាផងដែរ​ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ឋនឹងជម្ងឺកូវីដ១៩ បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជម្ងឺកូវីដ១៩ បន្ថែមទៀតដើម្បីត្រៀមទទួលពលករវិលត្រឡប់មកពីប្រទេសថៃ ក្នុងនោះ បានជួសជុលឃ្លាំងចំនួន៣ទីតាំង ដោយទីតាំងទី១នៅក្នុងក្រុងកំពង់ចាម មាន៧អគារ អាចទទួលពលករ ៦១៧នាក់, ទីតាំងទី២. នៅស្រុកកងមាស មាន១អគារ អាចទទួលពលករ ១៣២៦នាក់ និងទីតាំងទី៣ នៅស្រុកកំពង់សៀម សម្រាប់រៀបចំជាមន្ទីរពេទ្យកំរិតស្រាលខេត្ត និងព្យាបាលអ្នកជម្ងឺឌែលតា ដែលអាចដាក់អ្នកជម្ងឺបានប្រមាណ៨០០នាក់ ព្រមទាំងពង្រីកបន្ថែមចំនួន៤អគារទៀត ស្មើនឹង៣៩បន្ទប់ នៅមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដែលអាចទទួលពលករមកធ្វើចត្តាឡីស័កចំនួន៣៨៣នាក់, សរុបទាំងអស់ក្នុងមជ្ឈមណ្ឌល អាចដាក់បាន១២០០នាក់។

ឯកឧត្តមបន្តថា រហូតមកដល់បច្ចុប្បន្ននេះ ខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ១៩ ចំនួន៤.៣៤៣នាក់ ក្នុងនោះប្រភេទឌែលតា មានចំនួន១២ករណី, កំពង់សម្រាកព្យាបាល ៨៨៧នាក់, ជាសះស្បើយចំនួន ៣.៣៥៣នាក់ និងស្លាប់ ១០៣នាក់​ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *