(ខេត្ដកំពង់ចាម)៖ ដោយការខ្វាយខ្វល់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ នៅក្នុងខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២នេះ បានដឹកនាំអភិបាលរងខេត្ត- ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្តផ្តល់ជូនដល់បុគ្គលិក និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន ចំនួន១២ នាក់ ដែលកំពុងធ្វើចត្តាឡីស័ក រយៈពេល១៤ ថ្ងៃ នៅក្នុងអាគារដាច់ដោយឡែកនៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋយើងត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ការពារខ្លួនឲ្យបានជាប្រចាំ ហើយត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ចាំបាច់ត្រូវតែយកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ” ៣ការពារ ៣កុំ និង ២ចូលរួម ” ដើម្បីកាត់ផ្តាច់ខ្សែចម្លង និងជៀសឲ្យផុតពីការឆ្លងរាលដាលនៃជំងឺដ៏កំណាចមួយនេះ ក្នុងស្ថានភាពដែលវីរុសបម្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) កំពុងចរាចរណ៍វាយលុកគួរឲ្យព្រួយបារម្ភ ដែលជាបញ្ហាប្រឈម និងជាក្តីកង្វល់ដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជាយើង ទាំងនៅក្នុងគ្រួសារ និងសហគមន៍ទាំងមូល។
បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានបន្តអញ្ជើញចុះពិនិត្យមើលដំណើការនៃការផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុ និងទូរទស្សន៍ជាតិ ខេត្តកំពង់ចាម ដែលកំពុងមានការគាំទ្រពីប្រិយមិត្ត និងទូរទស្សនិកជនគ្រប់ទិសទី៕