(ភ្នំពេញ )៖ស្នូរសំឡេងស្រែកទ្រហោរយំលាយឡំ និងពាក្យជួយខ្ញុំផងៗរបស់ស្ត្រីម្នាក់ចេញពីបន្ទប់ជួល ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងរត់ចូលទៅជួយឈូរឆរ ទើបដឹងថាស្ត្រីនោះឈឺពោះឆ្លងទន្លេកណ្តាលរាត្រី មិនដឹងមុខប្តីនៅឯណា តែសំណាងល្អបានអ្នកជិតខាងរួមទាំងលោកស្រីមេភូមិជួយអន្តរាគមន៍ភ្លាមៗ និងបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យដែលនៅជិតនោះភ្លាមៗតែម្តង ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីកំសត់ ឈឺពោះឆ្លងទន្លេកណ្ដាលរាត្រីនេះនៅបន្ទប់ជួលដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ច្រកចូលផ្សារទួលពង្រ ភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមលោកស្រី នូ សុភាព មេភូមិត្រពាំងថ្លឹងទី១ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើង ថា នារាត្រីរំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នេះ អ្នកជិតខាងរបស់ស្ត្រីដែលសម្រាលកូននេះ បានឮសំឡេងស្រែកយំ និងស្រែកខ្លាំងៗថាជួយខ្ញុំផងៗ ។ ភ្លាមៗនោះលោកស្រី រួមនឹងម្ចាស់ផ្ទះជួលរួមទាំងអ្នកជិតខាងបន្ទប់ជួលរបស់នាង បានចូលទៅមើលទើបដឹងថានាងឈឺពោះឆ្លងទន្លេតែម្នាក់ឯង មិនដឹងប្តីនៅឯណា ។
លោកស្រីមេភូមិបានបញ្ជាក់ថា ក្រោយពីពួកគាត់បានជួយសង្គ្រោះបឋមរួចមក លោកស្រី ព្រមទាំងសប្បុរសជននានាជួយជាថវិកាដល់នាង និងយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យសុខលាភមេត្រីដែលមានទីតាំងនៅជិតនោះ ។
បើតាមលោកស្រី នូ សុភាព មេភូមិត្រពាំងថ្លឹងទី១ បានប្រាប់សារព័ត៌មាន យើងឲ្យដឹងបន្ថែមថា ស្ត្រីកំសត់ខាងលើនេះមានឈ្មោះ លី សុផា អាយុ ២៨ ឆ្នាំ មុខរបរស៊ីឈ្នួលលក់ខោអាវតាមចិញ្ចើមផ្លូវឲ្យគេ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ ស្ថិតនៅភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជាមួយគ្នានេះលោកស្រី នូ សុភាព មេភូមិ ត្រពាំងថ្លឹងទី១ បានថ្លែងអំណរគុណដល់មន្ទីរពេទ្យសុខលាភមេត្រី រួមនិងសប្បុរសជននានាដែលបានឧបត្ថម្ភ ជាសម្ភារៈនិងថវិកាដើម្បីជួយសង្គ្រោះស្ត្រីកំសត់ខាងលើនេះផងដែរ។ ហើយលោកមេភូមិក៏បានអំពាវនាវដល់សប្បុរសជននានាមេត្តាជួយនារីកម្សត់នេះ ជាសម្ភារៈក្តី ជាថវិកាក្តី ដើម្បីបានជួយសម្រាលទុក្ខលំបាកដល់រូបនាងដោយក្តីមេតាអាណិតអាសូរផង ៕