ខេត្តកំពង់ស្ពឺ៖ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកលើស្បែកសត្វ គោ ក្របី ឱ្យមានប្រសិទ្ធភាព អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត អភិបាលក្រុង-ស្រុកទាំង៧ឱ្យអនុវត្តវិធានការចាំបាច់មួយចំនួន ។
ការណែនាំនេះធ្វើឡើងបន្ទាប់ពីសត្វគោ ក្របីរបស់បងប្អូនប្រជាកសិករនៅក្នុងស្រុកមួយចំនួនបានផ្ទុះ និងឆ្លងជំងឺដុំពកលើស្បែក បង្កឡើងដោយសត្វរុយ មូស ដង្កែ និងតាបោមជាដើម។
ឯកឩត្តមបានដាក់ចេញនូវការណែនាំជាច្រើនចំនុចរួមមាន ត្រូវបន្តអនុវត្តន៍វិធានការចាំបាច់ និងបន្ទាន់នានាដើម្បីបង្កានិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដុំពកស្បែកគោ ក្របី ដោយធ្វើការតាមដានស្រាវជ្រាវឱ្យបានហ្មត់ចត់ និងជាប្រចាំលើសុខភាព សត្វគោ ក្របីក្នុងខេត្ត និងត្រូវអនុវត្តវិធានការអនាម័យនៅគ្រប់ទីកន្លែងចិញ្ចឹម កន្លែងប្រមូលផ្តុំ និងទីផ្សារ ។
ជាមួយគ្នានោះដែរត្រូវពង្រឹងការត្រួតពិនិត្យអនាម័យសាច់ និងផលិតផលសត្វព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់រូបភាពទៅដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីជំងឺដុំពកស្បែកសត្វគោ ក្របី និងចូលរួមអនុវត្តវិធានការឱ្យបានត្រឹមត្រូវ ។ ទប់ស្កាត់ការនាំចូលគោ ក្របីរស់ និងផលិតផលគោ ក្របី ទឹកមេជីវិតបង្កកគ្រប់ប្រភេទដែលខុសច្បាប់ បង្កើនការអង្កេតតាមដាន និងឃ្លាំមើលស្ថានភាពសុខភាពសត្វគោ ក្របីនៅតាមមូលដ្ឋាន កន្លែងចិញ្ចឹមសត្វ និងតាមកសិដ្ឋានជាប្រចាំ ប្រមូលសំណាកដែលសង្ស័យបញ្ជូនមកមន្ទីរពិសោធន៍នៃអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីវិភាគរកមេរោគដោយអនុវត្តវិធានបសុពេទ្យឱ្យបានទាន់ពេលវេលា ។
ត្រូវណែនាំដល់ប្រជាពលរដ្ឋ ភ្នាក់ងារសុខភាពសត្វភូមិ អ្នកចិញ្ចឹម ការរៀបចំទ្រុង ការថែទាំ និងការផ្តល់ទឹកចំណី ការអនុវត្តវិធានការអនាម័យ ការតាមដានសុខភាពសត្វ និងការអនុវត្តវិធានជីវសុវត្ថភាពឱ្យបានត្រឹមត្រូវតាមបច្ចេកទេស លុបបំបាត់ភ្នាក់ងារចំលងមេរោគដូចជាពពួកសត្វបឺតជញ្ជក់ឈាម មូស រុយ តាបោម ដង្កែ តាមរយៈការដាក់ថ្នាំ ការដាក់មុង ប្រើប្រាស់អំពូលឆក់ ឬដេញសត្វល្អិត និងបំផ្លាញចោលទីតាំងដែលពួកវារស់នៅ ។
ឯកឩត្តមក៏បានជំរុញឱ្យមន្ទីរជំនាញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ក្របី ក្នុងករណីចាំបាច់ និងមានពិសោធន៍ពីប្រសិទ្ធភាពនៃវ៉ាក់សាំងឱ្យបានត្រឹមត្រូវផងដែរ ។
ជុំវិញការណែនាំនេះ លោក ទេព វិចិត្រមុនី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺបានប្រាប់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះថា ៖ បច្ចុប្បន្នជំងឺដុំពកនេះ បាននិងកំពុងរាតត្បាតលើស្រុកចំនួន០២ គឺស្រុកឱរ៉ាល់លើភូមិចំនួន៧ភូមិ និងស្រុកឧដុង្គលើភូមិចំនួន២ភូមិផងដែរ ។
ក្នុងនោះក្នុងស្រុកឱរ៉ាល់មានលក្ខណៈធ្ងន់ធ្ងរ តែមួយរយៈចុងក្រោយ បន្ទាប់ពីមន្ត្រីជំនាញពេទ្យសត្វចុះធ្វើការចាក់ថ្នាំព្យាបាលឃើញថា បានធូរស្រាលបន្តិចមកវិញ ហើយដោយឡែកសម្រាប់ស្រុកឧដុង្គគឺមានគោតិចតួចដែលកំពុងតែឆ្លង ក្រុមការងារក៏កំពុងចុះព្យាបាលហើយដែរ ៕ដោយ៖ មណ្ឌលច្បារមន