ភ្នំពេញ ៖ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ទីតាំងស្ថិតនៅចំណុចវត្តពោធិយារាម ហៅវត្តចាស់ នៅត្រើយម្ខាង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីលោកតាអាចារ្យវត្ត បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១និង៤៥នាទីរំលងអធ្រាត្រ មានការភ្ញាក់ផ្អើលពេញក្នុងវត្តចាស់ ខណៈមានបុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងលើសកំរិត បានយកចំពាមបាញ់កុដិលោក រួចសៀតកាំបិតបុ័ងតោនៅនឹងចង្កេះ និងបង្កហិ.ង្សាទៅលើព្រះសង្ឃរយៈពេល២ទៅ៣យប់មកហើយ។បន្ទាប់ពីបានទទួលដំណឹងខាងលើភ្លាម សមត្ថកិច្ចមូលដ្ឋានជ្រោយចង្វារ បានចុះមកធ្វើការឃាត់ខ្លួនបុគ្គលខាងលើ ហើយខណៈពេលដែលសមត្ថកិច្ចឃាត់ខ្លួននោះ មានស្ត្រីចំណាស់ម្នាក់ត្រូវជាម្តាយ របស់បុរសខាងលើ បានលើកដៃសំពះអង្វរសមត្ថកិច្ច សុំកុំឲ្យវាយដំទៅលើកូនប្រុសរបស់ខ្លួនអី។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បាននាំខ្លួនជនបង្កខាងលើ បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្ច្បាប់ គួរបញ្ជាក់ផងដែរថា បុរសបង្កហិ.ង្សាក្នុងវត្តចាស់ខាងលើនេះ តែងតែយកទីតាំងដែលគេបញ្ចុះស.ព ឬចេតីយ៍ មកធ្វើកន្លែងដេក ឬទីស្នាក់អាស្រ័យ និងយកផ្នូរស.ពធ្វើជាគ្រែផងដែរ៕