(ខេត្តកំពង់ស្ពឺ)៖ បុរសម្នាក់ ទៅទារលុយដែលគេជំពាក់ថ្លៃធ្វើផ្ទះចំពេលគេកំពុងផឹកស៊ី ស្រាប់តែត្រូវបុរសម្នាក់ទៀតដែលអង្គុយផឹកស៊ីជាមួយអ្នកជំពាក់លុយនោះ យកញញួរវាយចំក្បាលពីក្រោយបណ្តាលឱ្យហូរឈាមជោគខ្លួន ត្រូវសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៩យប់ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ នៅចំណុច ភូមិប៉ាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ង៉ន់ សុខជា អាយុ ៤០ឆ្នាំ មុខរបរជាងធ្វើផ្ទះ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ អ៊ុក សុខជា ភេទប្រុស អាយុ ៣៨ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំ កើតហេតុ ។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា នៅមុនពេលកើតហេតុ បុរស រងគ្រោះ ង៉ន់ សុខជា បានទៅទារលុយថ្លៃធ្វើផ្ទះពីឈ្មោះ សន ម៉ុន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុជាមួយគ្នា ដោយឈ្មោះ សន ម៉ុន បានជំពាក់ យូរខែមកហើយមិនព្រមសង ។
ពេល ជនរងគ្រោះទៅទារលុយនោះ ចំពេល ឈ្មោះ សន ម៉ុន កំពុងផឹកស៊ីជាមួយជនសង្ស័យឈ្មោះ អ៊ុក សុខជា នៅផ្ទះរបស់ឈ្មោះ សន ម៉ុន តែ២នាក់ ។ គ្រានោះ បុរស រងគ្រោះ បាននិយាយទៅកាន់អ្នកជំពាក់លុយថា ហេតុអ្វីបានជាមិនសងលុយ ម្ចាស់ផ្ទះក៏មិនមាត់ ភ្លាមៗនោះ ស្រាប់តែបុរសដែលផឹកស៊ីជាមួយម្ចាស់ផ្ទះបានស្ទុះទៅយកញញួរវាយមកលើ បុរសរងគ្រោះចំពីក្រោយ បណ្ដាលឱ្យបែកក្បាលហូរឈាមដួលសន្លប់នៅកន្លែងកើតហេតុតែម្តង ។ ក្រោយបង្កឲ្យមានរបួសស្នាម ជនសង្ស័យបានរត់គេចខ្លួនបាត់ ។
សត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ ។
ចំណែកជនសង្ស័យដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ មណ្ឌលច្បារមន