(ខេត្ដស្ទឹងត្រែង)៖អាជីវកម្មរ៉ែមាសជាច្រើនកន្លែង ត្រូវបានបង្ក្រាប និងអ្នកពាក់ព័ន្ធ ៦នាក់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅចំណុចត្រពាំងធំ ស្ថិតនៅក្នុងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២៤ខែកក្កដា ឆ្នាំ២០២១។
សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងកងរាអាវុធហត្ថខេត្ត ក្រោមការដឹកនាំសម្របសម្រួលពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង
នៅថ្ងៃទី២៥កក្កដានេះ បានបន្តចុះពិនិត្យទីតាំងរណ្ដៅរ៉ែ ៣កន្លែង នៅចំណុចខាងលើនោះ ថែមទៀត។
មន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ការចុះបង្ក្រាបអាជីវកម្មរ៉ែមាសល្មើសច្បាប់ ទាំង៣ទីតាំងនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធចំនួន ៦នាក់ បញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។
អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែ លោក ជា សុភ័គ្រ បានប្រាប់អ្នកសារព័តមានឲ្យដឹងនៅថ្ងៃនេះថា ការចុះបង្ក្រាបទីតាំងរណ្ដៅរ៉ែទាំង៣ទីតាំងខាងលើនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការតាមច្បាប់៕