(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគករបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានដឹកនាំកម្លាំងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៦០ (ច១) ដ.ច.ន ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ចេញដោយលោក យ៉ាន សុភាព ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទៈ ឆបោក ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីអំឡុងខែ វិច្ឆិកា ឆ្នាំ២០១៧។
លោកនាយការិយាល័យបន្តថាឱ្យដឹងថាប្រតិបត្តិការឃាត់ខ្លួនបានធ្វើកាលពីនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩នឹង៣០នាទី នៅចំណុចមុខហាងកាហ្វេស្តារបាក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក អេង សោភា បានបន្តថាជនសង្ស័យឈ្មោះ អួង សុភ័ក្រ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១១B ផ្លូវ៣១BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្ភារៈចាប់យក (គ្មាន)។
លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់ ៕