(ខេត្តប៉ៃលិន)៖ ជនសង្ស័យចំនួន៥នាក់ ដែលធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋនៅតាមភូមិយ៉ាងកក្រើក ត្រូវបានកម្លាំងនគរបាលអធិការស្រុកសាលាក្រៅ សហការជាមួយកម្លាំងនគរបាលស្នងការខេត្តឆ្មក់ចុះចាប់ខ្លួនភ្លាមៗ ខណ:ពួកគេធ្វើសកម្មភាពប្លន់រួច នាំគ្នាពួនលាក់ខ្លួននៅក្នុងគុម្ពោធព្រៃវាលស្រែមួយកន្លែង ។
ហេតុការណ៍នគរបាលបង្ក្រាបក្រុមចោរប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩ កក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនសង្ស័យ ដែលនគរបាលឆ្មក់បង្ក្រាបចាប់ឃាត់ខ្លួនមានចំនួន៥នាក់ រួមមាន ៖
១-ឈ្មោះ វ៉ៃ អិ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។
២-ឈ្មោះ ស្រស់ វណ្ណនេត ភេទប្រុស អាយុ២៣ឆ្នាំ
៣-ឈ្មោះ ទួន ស្រីយ៉ា ភេទស្រី អាយុ២៩ឆ្នាំ ទាំងពីរនាក់ រស់ភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ
៤-ឈ្មោះ បុល រ័ត្ន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន
៥-ឈ្មោះ យឿន ឈួន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានពីនគរបាលអធិការស្រុកសាលាក្រៅ បានឱ្យដឹងថា ៖ កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ មានករណីប្ល.ន់១លើក នៅចំណុចដីចំការជាប់មាត់អូរ ស្ថិតក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមប្រភពដដែលបានបន្តថា ដើម្បីធ្វើការស្រាវជ្រាវកំលាំងជំនាញព្រហ្មទណ្ឌស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ ចុះស៊ើបអង្កេតស្រាវជ្រាវស្វែងរកមុខសញ្ញា តាំងពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ដោយចុះប្រតិបត្តិការ ជាបន្តបន្ទាប់រហូតដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ខណ:មានការសង្ស័យពីទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍សាលាក្រៅ ក៏បានបែងចែកជា២ក្រុម ក្នុងការចុះប្រតិបត្តិការ ។
លុះដល់វេលាម៉ោង៧ និង៣០នាទីព្រឹក កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាល ចុះបង្ក្រាបនៅចំណុចចម្ការដំឡូងមីខាងកើតស្តង់ដំឡូងមីបុរសម្នាក់ឈ្មោះ តាឡិ ។
ស្រាប់តែពេលនោះមានបុរសម្នាក់ជិះម៉ូតូ១គ្រឿងឆ្លងកាត់ ដោយមានការសង្ស័យ ក៏ហៅសាកសួរ ។ តែជនសង្ស័យមិនឈប់ បានជិះរត់គេចយ៉ាងលឿន ទើបកម្លាំងនគរបាល ជិះដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុនៅវេលាម៉ោង៧និង៤០នាទីព្រឹក ជនសង្ស័យក៏បានផ្ទុះអាវុ.ធមកលើកម្លាំងសមត្ថកិច្ចចំនួន៥គ្រាប់ ។
តាមប្រភពដដែលបានបញ្ជាក់ថា កម្លាំងនគរបាល ក៏បានបា.ញ់តបតចំនួន៧គ្រាប់ទៅវិញ ហើយសភាពការកាន់តែក្តៅ កម្លាំងនៃអធិការដ្ឋានស្រុក មិនអាចគ្រប់គ្រងស្ថានភាពបាន ទើបកម្លាំងជំនាញផែនព្រហ្មទណ្ឌ (ធ្ងន់-ស្រាល) កម្លាំងផែនសន្តិសុខ និងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះទៅជួយអន្តរាគមន៍ បង្ក្រាបបទល្មើសខាងលើតែម្តង ។
វត្ថុតាងដែលដកហូតរួមមាន អាវុ.ធខ្លីកែច្នៃចំនួន១ដើម អាវុ.ធវែងកែច្នៃប្រើខ្យល់ចំនួន១ដើម កាំបិតខ្លីចំនួន១ដើម គ្រាប់កាំភ្លើងAK ចំនួន៧គ្រាប់ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕