(ស្ទឹងត្រែង)៖រថយន្តអនុប្រធានភូមិបាលស្រុកសៀមប៉ាងត្រូវបានជនមិនស្គាល់មុខលួចដុតបណ្ដាលឱ្យឆេះបង្កការខួចខាតខាងតៃកុងផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកើតឡើងនៅស្រុកសៀមប៉ាងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលរងនូវការឆាបឆេះនោះគឺជាប្រភេទម៉ាកតាកូម៉ា ជារបស់ឈ្មោះឈា ប៊ុនឡាប្រុសអាយុ៣២ឆ្នាំ មុខរបរជា អនុប្រធានភូមិបាលស្រុកសៀមប៉ាង។
កាលពី រំលងអាធ្រាត្រចូលថ្ងៃទី១២ ខែកក្កដា មានសំឡេងស្នូរផ្ទុះដូចផ្ទុះកំប៉ុងហើយគាត់ក៏ភ្ញាក់ចេញមកមើលក៏ឃើញភ្លើងឆេះរថយន្តផ្ទៃខាងក្នុងយ៉ាងសន្ធោសន្ធៅហើយក៏នាំគ្នាបាញ់ទឹកពន្លត់រហូតរលត់អស់។
សូមបញ្ជាក់ដែរថា ៖ ពេលសមត្ថកិច្ចចុះទៅពិនិត្យសាកសួរបំភ្លឺពីម្ចាស់ផ្ទះឃើញដបទឹកសុទ្ធចំណុះ១,៥លីត្រដែលមានសល់ប្រេងសាំងខ្លះ។
សមត្ថកិច្ចសន្និដ្ឋានថានេះគឺជាភស្តុតាងដែលជនមិនស្គាល់មុខបង្កលួចដុតរថយន្តនោះ៕