ព័ត៌មានសន្តិសុខសង្គម

រថយន្តកាំមេរីបាឡែន របស់មន្ត្រីនគរបាលម្នាក់ ដែលចតទុកក្រោមផ្ទះ ត្រូវបានក្រុមចោរ បានលួចយកយកទៅបាត់!

(ខេត្តកំពង់ស្ពឺ) ៖ រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ដែលគេដឹងថា ជាកម្មសិទ្ធិរបស់មន្ត្រីនគរបាលម្នាក់ ត្រូវបានក្រុមចោរហារយ ធ្វើសកម្មភាពលួចយកទៅបាត់ ពេលដែលមន្ត្រីនគរបាលរូបនោះចតរថយន្តក្រោមផ្ទះ។

ហេតុការណ៍ភ្ញាក់ផ្អើលបាត់រថយន្តកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅផ្ទះជនរងគ្រោះជាមន្ត្រីនគរបាល ស្ថិតនៅក្នុងភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ០៥ និង១០នាទីព្រឹកមានករណីចោរកម្ម(លួចរថយន្ត)នៅចំណុចភូមិថ្នល់បំបែកឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ រថយន្តដែលក្រុមចោរហារយ លួចយកទៅបាត់នោះម៉ាកកាមរីបាឡែន ពណ៌សពាក់ស្លាកលេខ កណ្តាល2A.7040 ដែលគេស្គាល់ ម្ចាស់មានឈ្មោះ ថៃ ប៊ុនថន (ហៅកយ)ភេទប្រុស អាយុ៤៥ ឆ្នាំ(ជាមន្ត្រីនគរបាលបម្រើការងារនៅក្នុងស្រុកថ្ពង) រស់នៅភូមិឃុំកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា កាលពីយប់ថ្ងៃទី៩ ខែកក្កដា ម្ចាស់រថយន្តបានចតរថយន្តដាក់ក្រោមផ្ទះដូចសព្វមួយដង ហើយក៏ឡើងទៅលើផ្ទះសម្រាក លង់លក់ក្នុងដំណេកទៅ លុះព្រឹកឡើងភ្ញាក់ពីដំណេក ចុះមកក្រោមផ្ទះបាត់រថយន្តមិនឃើញ ក៏បានរាយការណ៍ទៅសមត្ថកិច្ច ថ្នាក់លើពីបញ្ហា ក្រុមចោរលួចរថយន្តនេះ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅក្នុងរថយន្តដែលចោរលួចយកទៅមានដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មួយសន្លឹក ប័ណ្ណបើកបរ១សន្លឹក កាតវីងបើកលុយ១សន្លឹក កាតចាក់វ៉ាក់សាំងម១សន្លឹក កាតសម្គាល់ជាមន្ត្រីនគរបាល១សន្លឹក(អត្តសញ្ញាណ នគរបាល)
កាបូបលុយ(មានលុយ១០ ម៉ឺនរៀល)ផងដែរ ។

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ មានការព្រួយបារម្ភខ្លាំងណាស់ ដោយសារតែក្រុមចោរហារយ ហ៊ានធ្វើសកម្មភាពលួចយករថយន្តរបស់មន្ត្រីនគរបាល ដែលមានតួនាទី បុណ្យស័ក្ដិផង ចុះទម្រាំ ទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋស្លូតត្រង់រឿងអី ក្រុមចោរមិនហ៊ាននោះ។ ប្រជាពលរដ្ឋបានសំណូមពរដល់ សមត្ថកិច្ចមេត្តាជួយអន្តរាគមន៍ ការពារសុខសុវត្ថិភាពដល់ការរស់នៅរបស់ពួកគាត់ផង ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *