ក្រសួងព័ត៌មានច្រានចោលចំពោះការចោទប្រកាន់អង្គការអ្នកកាសែតគ្មានព្រំដែន(RSF)
ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអ្នកនាំពាក្យក្រសួងព័ត៌មានលោកមាសសោភ័ណ្ឌនៅថ្ងៃអង្គារទី០៦ កក្កដានេះបានច្រានចោលចំពោះការចោទប្រកាន់អង្គការអ្នកកាសែតគ្មានព្រំដែន(RSF) ។ បើតាមអ្នកនាំពាក្យដដែល របាយការណ៍ការនេះ មានចរិតនយោបាយនិងមានការចោទប្រកាន់ដោយមិនមានការសិក្សាស្រាវជ្រាវច្បាស់លាស់។សម្រាប់ក្រសួងព័ត៌មានសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនបានធ្វើកិច្ចការងារជាច្រើនដើម្បីអ្នកកាសែតដូចជាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងផ្តល់មេធាវីការពារក្តីដល់អ្នកកាសែតជាដើម។គួររំឭកថាអង្គការអ្នកកាសែតគ្មានព្រំដែន(RSF)បានដាក់ឈ្មោះរបស់សម្តចនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុងចំណោមមេដឹកនាំចំនួន៣៧រូបដែលយាយីឬបំផ្លាញដល់សេរីភាពសារព័ត៌មាន។
នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៥ ខែកក្កដាអង្គការអ្នកកាសែតគ្មានព្រំដែន (RSF) ដែលមានមូលដ្ឋាននៅប្រទេសបារាំងបានដាក់ឈ្មោះរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងចំណោមមេដឹកនាំ ៣៧រូប ដែលយាយីដល់សេរីភាពសារព័ត៌មាន។របាយការណ៍ដដែលបន្តទៀតថា មេដឹកនាំផ្សេងទៀតដែលបានដាក់ឈ្មោះដែរនោះ រួមមាន ប្រធានាធិបតីចិន លោក ស៊ី ជិនពីង, ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន, មេដឹកនាំយោធាភូមា លោក មីន អ៊ុងឡាំង, នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង, ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូទែតេ, មេដឹកនាំស្ត្រីហុងកុង លោកស្រី ការី ឡាំ រួមជាមួយមេដឹកនាំនៃបណ្តាប្រទេសនៅអាស៊ីអាហ្វ្រិក និងអឺរ៉ុបមួយចំនួនទៀតសរុបចំនួន៣៧ប្រទេស៕