ព័ត៌មានរាយការណ៍

ផ្សារដងទង់ត្រូវបានបិទជាបណ្តោះអាសន្ន ក្រោយផ្ទុះកូវីដ-១៩លើក្រុមអាជីវករលក់ដូរ.!

កោះកុង ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើតេស្តលើអាជីវករលក់ដូរក្នុងផ្សារដងទង់ជាច្រើននាក់ ជាលទ្ធផលជំនាញបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ប្រមាណជិត១០០នាក់ លើក្រុមអាជីវករលក់ដូរ ទើបអាជ្ញាធរខេត្តកោះកុង បានសម្រេចបិទផ្សារដងទង់ជាបណ្តោះអាសន្ន ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានអោយដឹងនៅរសៀលថ្ងៃដដែលថា ក្រុមអាជីវករដែលបានរកឃើញថាឆ្លងវីរុសកូវីដ-១៩ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កវិទ្យាល័យជាស៊ីម ខណៈមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យកោះកុងពុំមានកន្លែងសម្រាប់ដាក់អ្នកជំងឺបន្តទៀត ។

ប្រភពដដែលបានអោយដឹងទៀតថា លោកបាននិងកំពុងជំរុញដល់ក្រុមការងារជំនាញនៃមន្ទីរសុខាភិបាលខេត្តកោះកុង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចត្រូវខិតខំបង្កើនល្បឿនរុករកអ្នកដែលជាប់ពាក់ព័ន្ធ និងអាជីវករលក់ដូរក្នុងផ្សារដងទង់អោយបានឆាប់រហ័ស ដើម្បីយកមកទទួលការព្យាបាល ជៀសវាងការចម្លងកាន់តែធ្ងន់ធ្ងរចូលក្នុងសហគមន៍ ។

ដោយឡែកអាជ្ញាធរខេត្តកោះកុង បានអោយដឹងដែរថា ក្នុងអំឡុងពេល នៃការអនុវត្តវិធានការផ្អាកដំណើរការផ្សារដងទង់ជាបណ្តោះអាសន្ន ជំនាញពាក់ព័ន្ធត្រូវហាមឃាត់រាល់ការចេញ-ចូល ជួបជុំឬប្រមូលផ្តុំមនុស្សក្នុងផ្សារ ឬបរិវេណជុំវិញផ្សារ លើកលែងតែករណីចបាច់ តែត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលអោយបានម៉ឺងម៉ាត់ ៣ការពារ ៣កុំ និង២ចូលរួម ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *