(ភ្នំពេញ )៖ ទិន្នន័យដែលប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលបាន ដាក់ក្នុងតំបន់ដែនជម្រកសត្វព្រៃកម្ពុជាបានចាប់បានរូបសត្វខ្លាពពក។
ទិន្នន័យទាំងនេះមានសារៈប្រយោជន៍ សម្រាប់ការរៀបចំគ្រប់គ្រងតំ បន់ការពារធម្មជាតិទាំងនោះ។
ខ្លាពពកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។ សត្វព្រៃដែលជាប្រភេទ សត្វកម្រជាច្រើនប្រភេទត្រូវបានក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថានថត បានតាមរយៈការដាក់ម៉ាស៊ីនថត ស្វ័យប្រវត្តិនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួនក្នុងប្រទេសកម្ពុជា។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។
បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន «ខ្លាពពកស្ថិតក្នុងក្រុមជិតផុតពូជ និងមានចុះក្នុងបញ្ជីឧបសម្ព័ន្ធសាយតេស។ សត្វប្រភេទនេះទទួលរងនូវការគំរាមកំហែងដោយសារតែការបរបាញ់ និងជាប់អន្ទាក់ហើយការ បាត់បង់ទីជម្រកដែលវាធ្លាប់ស្វែងរកចំណី និងរស់នៅក៏ជាបញ្ហាមួយដែលនាំឱ្យមានការថយចុះនៃចំនួនសត្វព្រៃដែរ»។
លោកបានថ្លែងថា មិនមានទិន្នន័យច្បាស់លាស់ថាបច្ចុប្បន្ន កម្ពុជាមានវត្តមានសត្វខ្លាពពកចំនួនប៉ុន្មានក្បាលឡើយ ប៉ុន្តែរបាយរស់នៅរបស់សត្វខ្លាពពក មាននៅភូមិភាគឦសាន និរតី និងភាគខាងជើង នៃប្រទេសកម្ពុជា។ បើតាមអ្នកជំនាញ សត្វខ្លាពពកត្រូវបានរកឃើញមាននៅប្រទេសបូតាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី (កោះស៊ូម៉ាត្រា) ឡាវ ម៉ាឡេស៊ី សារ៉ាវ៉ាក់ ភូមា នេប៉ាល់ ថៃ និងប្រទេសវៀតណាម។ ខ្លានេះបានផុតពូជនៅប្រទេសបង់ក្លាដេស សិង្ហបុរី និងតៃវ៉ាន់។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា សត្វខ្លាពពកជាសត្វកម្រ និងស្ថិតក្នុងក្រុមជិតផុតពូជត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។ តាមរយៈទិន្នន័យដែលក្រុមអ្នក ស្រាវជ្រាវប្រមូលបាន នឹងផ្តល់ផលប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ និងជាពិសេសការស្រាវជ្រាវប្រភេទសត្វកម្រៗ នៅក្នុងតំបន់ការពារធម្មជាតិ គឺដើម្បីជាមូលដ្ឋានព័ត៌មាន សម្រាប់ការសិក្សាបែងចែកតំបន់ការពារធម្មជាតិ។ យោងតាមច្បាប់ តំបន់ការពារធម្មជាតិនឹងត្រូវបែងចែកជា៤តំបន់ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍។
យោងតាមអ្នកជំនាញផ្នែកសត្វព្រៃប្រទេសកម្ពុជា មានខ្លាធំ ឬខ្លាដំបង (Tiger) ខ្លារខិន (Leopard) ខ្លាពពក (Clouded leopard) ខ្លាត្រី (Fishing cat) ខ្លាលឿងមាស (Asiatic golden cat) ខ្លាភ្ញីថ្មកែវ (Marbled cat) ឆ្មាព្រៃ (Jungle cat) និងឆ្មាដាវ (Leopard cat)។ ខ្លាពពកចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចម្រុះ។ ខ្លាពពកជាសត្វរាត្រីចរ ច្រើនរស់នៅជាគូលើដើមឈើ។
ជាធម្មតា វាចាប់ចំណីដោយលោតពីលើដើមឈើសង្គ្រប់លើសត្វនៅដីដូចជាខ្លារខិន ដែរ។ អាហាររបស់វាមានបក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស ស្វាជាដើម។ ខ្លាពពកប្រើក្រញ៉ាំជើងមុខមុតសម្រាប់សង្កត់ចាប់ចំណី រួចទើបខាំជាក្រោយ។ ខ្លាពពកអាចបង្កើតកូនម្តងបានពី២ ទៅ ៤ក្បាល បន្ទាប់ពីពពោះអស់រយៈពេលប្រហែល៩០ ទៅ៩៥ថ្ងៃ។
ខ្លាពពកមានមាឌធំជាងខ្លាភ្ញីថ្មកែវ មានសម្បុរពណ៌ក្រម៉ៅប្រផេះនៅលើ ដងខ្លួនមានផ្ទាំងៗដូចពពកធំៗ នៅផ្នែកខាងក្រោយនៃផ្ទាំងនេះមានពណ៌ខ្មៅខណ្ឌជាកំណាត់ដុំផ្ទាំងនីមួយៗ។ ដុំផ្ទាំងនេះរីកធណំនៅផ្នែកខាងក្រោយស្មា ដែលចាប់ផ្តើមពីលើខ្នងរហូតស្ទើរដល់ក្រោមពោះ។ ច្រមុះមានពណ៌ស និងនៅលើថ្ងាសមានស្នាមអិចតូចៗ។ វាមានកន្ទុយវែង អុចៗនៅផ្នែកខាងគល់ និងបន្ទះៗនៅផ្នែកខាងចុង។ វាមានជើងខ្លី ប្រអប់ជើងធំងាយស្រួលក្នុងការប្រតោងមែកឈើ។
ខ្លាពពកងាយក្នុងការចំណាំណាស់ គឺយើងគ្រាន់តែក្រឡេកមើលនៅលើដងខ្លួនរបស់វាមាន ផ្ទាំងដុំសណ្ឋានដូចដុំពពករាយពាសពេញដងខ្លួន៕