ភ្នំពេញ៖ ជនរងគ្រោះម្នាក់ឈ្មោះ យឹង សុខ អ្នករាយការណ៍ព័ត៌មាន នៃសារព័ត៌មាន WPS ONLINE
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ បានដាក់ពាក្យប្ដឹងលោកនគរបាលផ្កាយ ២ម្នាក់ចូលទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនរងគ្រោះម្នាក់ឈ្មោះ យឹង សុខ បានប្តឹងជនសង្ស័យឈ្មោះ ប៉ែន ច័ន្ទសុខខេមរិទ្ធ ភេទប្រុស អាយុ ៥៣ឆ្នាំ ជាមន្ត្រីនគរបាលពាក់ផ្កាយ២ និងមានតួនាទីប្រធានក្រុមហ៊ុន ហាត អហ្វ វើលដ៍ ស៊ីឃ្យូរីធី ឯ.ក (H.W.S) ដែលមានស្នាក់ការផ្ទះលេខ១៥២ ក្រុមទី១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ រំលោភលើទំនុក និងបទ ឆបោក ប្រាក់ប្រមាណជាជាង ២ម៉ឺនដុល្លារ។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ប៉ែន ច័ន្ទសុខខេមរិទ្ធ បានបបួលខ្លួនឱ្យចូលហ៊ុនគ្នាដើម្បីបើកក្រុមហ៊ុនសន្តិសុខឈ្មោះ ហាត អហ្វ វើលដ៍ ស៊ីឃ្យូរីធី ឯ.ក (H.W.S) ដោយតម្រូវឱ្យជនរងគ្រោះបង់ប្រាក់ចំនួន ៤,២០០ដុល្លារស្មើនឹង ២៦ភាគរយ នៃប្រាក់ដើមទុនសរុប និងសន្យាចែកប្រាក់ចំណេញឱ្យជនរងគ្រោះជាប្រចាំខែ និងផ្ដល់ការងារឱ្យជនរងគ្រោះនៅក្នុងក្រុមហ៊ុនខាងលើនេះ ដោយមានតួនាទីជា នាយកគ្រប់គ្រង ដែលទទួលបានប្រាក់ខែចំនួន ៥៥០ដុល្លារក្នុងមួយខែ។ដោយជឿទុកចិត្តលើជនសង្ស័យឈ្មោះ ប៉ែន ច័ន្ទសុខខេមរិទ្ធ ជនរងគ្រោះបានបង់ប្រាក់ចំនួន ៤,២០០ដុល្លារ ដើម្បីចូលហ៊ុនរកស៊ី។
ជនរងគ្រោះបន្តនៅក្នុងខែទី១ ឈ្មោះ ប៉ែន ច័ន្ទសុខខេមរិទ្ធ បានប្រគល់ប្រាក់ចំណេញចំនួន ១,២០០ដុល្លារមកឱ្យខ្លួនធម្មតា។ នៅខែទី២ ឈ្មោះ ប៉ែន ច័ន្ទសុខខេមរិទ្ធ បានប្រគល់ប្រាក់ចំណេញឱ្យខ្លួនចំនួនជាង ៨០០ដុល្លារ និងនៅក្នុងខែទី៣ប្រគល់ឱ្យចំនួនជាង ៦០០ដុល្លារ។
ជារៀងរាល់ខែឈ្មោះ ប៉ែន ច័ន្ទសុខខេមរិទ្ធ បានដកប្រាក់ចំណេញរបស់ជនរងគ្រោះទុកចំនួន ២៦០ដុល្លារ នៃប្រាក់ចំណេញសរុបដែលជនរងគ្រោះត្រូវទទួលបាន ដើម្បីបម្រុងទុកបើកប្រាក់ខែឱ្យបុគ្គលិកនៅពេលដែលក្រុមហ៊ុនរកចំណូលមិនបាន ឫបើកលុយសេវាពីភ្ញៀវមិនទាន់ពេល។
លុះដល់ខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២០ ស្រាប់តែឈ្មោះ ប៉ែន ច័ន្ទសុខខេមរិទ្ធ ឈប់ផ្ដល់ប្រាក់ចំណេញ ៨០០ដុល្លារក្នុងមួយខែដល់ជនរងគ្រោះ និងឈប់បើកប្រាក់ខែក្នុងមួយខែ ៥៥០ដុល្លារ ឱ្យជនរងគ្រោះសម្រាប់ ខែមិថុនា និងខែកក្កដា ឆ្នាំ២០២០ ថែមទៀតផង និងបានបញ្ឈប់ជនរងគ្រោះពីក្រុមហ៊ុននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។
ជនរងគ្រោះបាន រៀបរាប់ថា ទឹកប្រាក់ចំណេញដែលខ្លួនបានខាតបង់រយៈពេល ៣ខែ (៨០០ដុល្លារក្នុងមួយខែ) ស្មើនឹង ២,៤០០ដុល្លារ និងប្រាក់ខែដែលខាតបង់ (៥៥០ដុល្លារក្នុងមួយខែ) ចំនួន ១,១០០ដុល្លារ។
ចំណែកប្រាក់ដកបម្រុងទុកចំនួន ២៦០ដុល្លារ ចាប់ពីខែកក្កដា ឆ្នាំ២០១៩ រហូតដល់ខែកក្កដា ឆ្នាំ២០២០ (រយៈពេល ១៣ខែ) ខ្លួនបានខាតបង់សរុបចំនួន ៣,៣៨០ដុល្លារ។
កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ឈ្មោះ ប៉ែន ច័ន្ទសុខខេមរិទ្ធ បានយកប្រាក់របស់ខ្លួនចំនួន ៨៩៨.៥៦ដុល្លារ ទៅកក់សាលាជាតិគ្រប់គ្រងដើម្បីដាក់បុគ្គលិកសន្តិសុខយាមសាលា និងមិនបានប្រគល់ប្រាក់នោះឱ្យទៅជនរងគ្រោះវិញឡើយរហូតមកដល់ពេលនេះ។
ជាមួយគ្នានោះ ឈ្មោះ ប៉ែន ច័ន្ទសុខខេមរិទ្ធ បានស៊ីដាច់ប្រាក់ចំណេញពីសាខាក្រុមហ៊ុនប្រចាំនៅខេត្តមណ្ឌលគិរីរបស់ជនរងគ្រោះចំនួន ១២៣ដុល្លារក្នុងមួយខែ រយៈពេល ៣៩ខែ (ខែមេសា ឆ្នាំ២០១៨ ដល់ខែមិថុនា ឆ្នាំ២០២១) សរុប ៤,៧៩៧ដុល្លារ។
ចាប់តាំងពីខែសីហា ឆ្នាំ២០២០ មកដល់ពេលនេះ គឺ ១១ខែហើយដែល ឈ្មោះ ប៉ែន ច័ន្ទសុខខេមរិទ្ធ មិនទាន់បានប្រគល់ប្រាក់ភាគហ៊ុនដើមចំនួន ២៦ភាគរយ ឱ្យជនរងគ្រោះឡើយដែលបច្ចុប្បន្ន វាមានតម្លៃភាគហ៊ុននោះគឺស្មើនឹង ១៣,០០០ដុល្លារ។
ហើយឈ្មោះ ប៉ែន ច័ន្ទសុខខេមរិទ្ធ ក៏មិនដែលបានប្រគល់ប្រាក់ចំណេញប្រចាំខែមកឱ្យជនរងគ្រោះឡើយ។
ជនរងគ្រោះបាន អះអាងថា ឈ្មោះ ប៉ែន ច័ន្ទសុខខេមរិទ្ធ បានបោកប្រាស់ប្រាក់សុទ្ធរបស់ខ្លួនចំនួន ២៥,៥៧៥.៥៦ដុល្លារ (ដោយពុំទាន់រាប់បញ្ចូលប្រាក់ចំណេញរយៈពេល ១១ខែចុងក្រោយផង)។
ជុំវិញករណីនេះ ជនរងគ្រោះបានព្យាយាមសម្របសម្រួលជាមួយជនសង្ស័យ និងមេធាវីការពារសិទ្ធិឱ្យជនសង្ស័យផងដែរ ប៉ុន្តែពួកគេមិនព្រម និងបានដាក់ពាក្យប្ដឹងជនរងគ្រោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញពីបទ ឆបោក និងរំលោភទំនុកចិត្ត ទាំងគ្មានភស្តុតាងផងដែរ។
ពាក់ព័ន្វរឿងខាងសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក ប៉ែន ច័ន្ទសុខខេមរិទ្ធ ជាមន្ត្រីនគរបាលពាក់ផ្កាយ២ ព្រោះគ្មានលេខទូរស័ព្ទ។ហើយអង្គភាពសារព័ត៌មានយើងរង់ចាំ កាបំភ្លឺជូនវិញរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ សហការី