(ខេត្ដកំពង់ចាម)៖ ក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា
បានបញ្ជាក់អំពីគោលបំណងថា ដំណើរទស្សនកិច្ច របស់ពួកគាត់ ដើម្បី ស្វែងយល់អំពីការងារគ្រប់គ្រង និងការទប់ស្កាត់ការឆ្លងរីករាល នៃជម្ងឺកូវីដ ១៩ ។ ស្វែងយល់អំពីសក្តានុពល និងការងារអភិវឌ្ឍន៍ នៅក្នុងខេត្តកំពង់ចាម ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិក បានផ្តល់ថវិកាមួយផ្នែក ដល់យន្តការកូវ៉ាក់ ។ តាមរយៈ យន្តការនេះ កម្ពុជា ក៏បានទទួលនូវវ៉ាក់សាំង សម្រាប់បង្ការជម្ងឺកូវីដ-១៩ ផងដែរ ។
ក្រៅអំពីការជម្រាបជូនអំពីសក្តានុពល របស់ខេត្តកំពង់ចាម ទៅដល់ភ្ញៀវ ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា ទាក់ទងការគ្រប់គ្រង និងការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងខេត្ត យើងបានរួមសហការគ្នា ជាមួយអ្នកពាក់ព័ន្ធ ក៏ដូចជា វិស័យឯកជន ។ យ៉ាងណាម៉ិញ អនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០២០មក យើងមានបញ្ហាការគម្រាមកំហែងដោយសារជម្ងឺកូវីដ ១៩ ជាបន្តបន្ទាប់ ។ ជាក់ស្ដែង ក្នុងដំណាក់កាលចុងក្រោយនេះ ជាពិសេស ចាប់តាំងពីព្រឹត្តិការណ៍ ២០កុម្ភៈ មក គឺជម្ងឺដ៏កាចសាហាវនេះ មានការឆ្លងរាលដាលនៅក្នុងខេត្តកំពង់ចាមកាន់តែខ្លាំងឡើង ដោយសារតែ ខេត្តកំពង់ចាមយើង មានកម្មកររោងចក្រ ក៏ដូចជា ប្រជាពលរដ្ឋចំណាកស្រុក ទៅធ្វើការនៅប្រទេសផ្សេងៗ ហើយបានវិលមកស្រុកកំណើតវិញ ។ ឆ្លើយតបទៅនឹងបញ្ហាកូវីដ ១៩ នាពេលកន្លងមក ក៏ដូចជា នាពេលបច្ចុប្បន្ន នេះដែរ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ តែងបានសហការ ជាមួយអ្នកពាក់ព័ន្ធ ធ្វើការស្រាវជ្រាវរកអ្នកសង្ស័យ និងពាក់ព័ន្ធធ្វើតេស្តរកមេរោគកូវីដ ១៩ និងនាំយកទៅព្យាបាលបានទាន់ពេលវេលា ។ ជាមួយគ្នានេះ អ្នកពាក់ព័ន្ធដោយផ្ទាល់ត្រូវបាននាំយកមកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក ហើយអ្នកដែលពាក់ព័ន្ធដោយប្រយោល ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន ។ ក្រៅពីនោះ យើងបានធ្វើការពង្រឹងគុណភាព នៃការព្យាបាល ដោយបានកែប្រែអតីតសណ្ឋាគារមេគង្គ ទៅជាមន្ទីរពេទ្យ សម្រាប់ព្យាបាលជម្ងឺកូវីដ ១៩ កម្រិតធ្ងន់ និងបានរៀបចំកន្លែង សម្រាប់ព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ។ ទន្ទឹមជាមួយនោះ អាជ្ញាធរ ក៏បានយកចិត្តទុកដាក់ផងដែរ ទៅលើជីវភាព អ្នកដែលកំពុងធ្វើចត្តាឡីស័ក ទាំងនៅតាមមណ្ឌលចត្តាឡីស័ក និងអ្នកដែលធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ដោយក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភអាហារ ៣ពេល ដល់អ្នកធ្វើចត្តាឡីស័ក នៅតាមមណ្ឌល ។ ក្រៅពីនោះ ក៏បានការឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ ដល់ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដែលធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះផងដែរ។ យ៉ាងណាម៉ិញ គិតមកដល់បច្ចុប្បន្ននេះ យើងបានជួយឧបត្ថម្ភគាំទ្រ ដល់ពួកគាត់ បានប្រមាណ ៥.០០០គ្រួសារ រួចមកហើយ ។ មួយផ្នែកទៀត អាជ្ញាធរ ក៏បានធ្វើការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍ អំពីវិធានការពារការឆ្លងរីករាល នៃជម្ងឺកូវីដ-១៩ និងការបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយជៀសវាងការធ្វើដំណើរ ទៅកាន់ទីតាំង ដែលមិនចាំបាច់..។ល។ ដោយឡែក នាបច្ចុប្បន្ន រដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បី បិទខ្ទប់ទីតាំងដែលមានបញ្ហាប្រឈមខ្លាំង ដើម្បី កាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវីដ មួយនេះ ផងដែរ ។
នាឱកាសនោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ដែលបានអនុញ្ញាត ឱ្យឯកឧត្តម បានជួបពិភាក្សាការងារ នាឱកាសនេះ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏មានចំណាប់អាម្មរណ៍តំបន់រម្មណីដ្ឋានទេសចរណ៍ របស់ខេត្ត និងសក្តានុពល ដែលជាទីកន្លែងគួរឱ្យទាក់ទាញនូវឱកាសវិនិយោគនានា ផងដែរ ៕