(ខេត្ដព្រៃវែង)៖ មិនថានរណា ជានរណាទេ ពោលគឺ មហាជនទាំងក្នុងស្រុក និងក្រៅស្រុក កំពុងបញ្ឈរភ្នែក តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះវិធានការ រដ្ឋបាល របស់ក្រសួងសេដ្ឋកិច្ច និងហិវញ្ញវត្ថុ ទៅលើលោក ផែន ភឿន
ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ រួមនិងបក្ខពួក ។
ក្រោយអាជីវករអះអាងថា៖ មន្ត្រីគយរូបនេះ បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ដោយកំណត់យកលុយ ពីពួកខ្លួន ដាក់ចូលហោប៉ាវ ជាប្រចាំ
ជាថ្នូរនិង បើកភ្លើងខៀវ មិនបង្ក្រាបបទល្មើសរត់ពន្ធ ពីខ្មែរទៅវៀតណាម និងពីវៀតណាមមកខ្មែរ។
សូមរម្លឹកដែរថាកាលពីថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១ អាជីវករឈ្មោះ ជា ឆៃនី ភេទស្រីអាយុ២៨ឆ្នាំ នៅផ្សារនាគមាស ខណ្ឌទួលគោក រាជធានីភ្នំពេញបានអះអាងថា៖ ខ្លួនដឹកផ្លែ(គូលែន)ពីវៀតណាម ចូលមកខ្មែរ ក្នុង១ជើងដោយប្រើរថយន្តវ៉េអង គឺត្រូវបង់លុយឱ្យគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ចំនួន៣០ម៉ឺនរៀលយ៉ាងទៀងទាត់។
អ្នកស្រីបន្ថែមថា៖ រថយន្តគាត់មានក្រដាសបង់ពន្ធពីព្រំដែន ក៍នៅតែបង់លុយចូលហោប៉ាវ គយចល័តចំនួន៣០ម៉ឺនរៀលដដែល គឺរាល់លើកតែម្ដង។
ក្នុងនោះប្រសិនជា មិនមានក្រដាសស្នាមពីព្រំដែនទេ គឺត្រូវបង់លុយចូលហោប៉ាវគយចល័ត ច្រើនណាស់ដល់រាប់លានរៀលក្នុង១ជើងៗ។
អាជីវកររូបនេះបានលើកឡើងទៀតថា៖ រឿងបង់លុយ ចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ទាំងនោះ ជាទម្លាប់ទៅហើយ សម្រាប់អ្នករកស៊ីដូចពួកខ្លួន គឺគ្មានអាជីវករ ណាម្នាក់គេចផុតឡើយ។
ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រីហួសចិត្តខ្លាំងបំផុតនោះ គឺគយចល័តផ្លូវជាតិលេខ១ តែងតែយកលុយសំណែន ពីអ្នកស្រីរាល់លើកសោះ! ចុះហេតុអី? នៅយប់ទី០៨ ខែមិថុនា ឆ្នាំ២០២១ បែរជាចាប់ រថយន្តដឹកផ្លែគូលែន របស់គាត់។
ពោលគឺចាប់រថយន្ត ចូលស្នាក់ការ រួចទារលុយចំនួន២០លានរៀល ទើបដោះលែងវិញ។ លុះអ្នកស្រីពុំមានលទ្ធភាពបង់លុយចំនួន២០លានរៀល តាមកំណត់ ជាហេតុនាំឱ្យមន្ត្រីគយចល័តផ្លូវជាតិលេខ១ ទុករថយន្តរួមនិងផ្លែឈើឱ្យ នៅស្អុយក្នុងស្នាក់ការតែម្ដង។
ករណីនេះ បណ្ដាលឱ្យខាតទំនិញផ្លែឈើគាត់ អស់ប្រាក់ប្រមាណជា៥០.០០០ដុល្លា ឯណោះ។
ក្រុមអាជីវករផ្សេងទៀត បានអះអាងថា៖ ជារៀងរាល់លើកពួកខ្លួន តែងតែបង់លុយ ចូលហោប៉ាវមន្ត្រីគយចល័តផ្លូវជាតិលេខ១ យ៉ាងទៀងទាត់ ពោលគឺបង់តាមកំណត់ របស់មន្ត្រីគយ។
ខណៈរាល់ការបង់លុយទាំងនោះ គឺមិនដែលមានក្រដាសស្នាម ឬបង់ពន្ធចូលរដ្ឋផាកពិន័យ អ្វីទេ ជាក់ស្ដែងហុចលុយឱ្យគយផ្ទាល់ដៃ។
ប្រភពដដែលបញ្ជាក់ថា៖ សម្រាប់រថយន្តដឹកផ្លែឈើចំណុះ២តោនកន្លះ ក្នុង១ជើងបង់លុយឱ្យគយចល័តផ្លូវជាតិលេខ១ ចំនួន១០ម៉ឺនរៀលជាកំហិត។
រថយន្តចំណុះ៥តោន បង់ចំនួន២០ម៉ឺនរៀលជាកំហិត រថយន្តវ៉េអងបង់ចំនួន៣០ម៉ឺនរៀលជាកំហិត។
ជាមួយគ្នានោះ តៃកុងឡាន រួមនិងអាជីវករ បានអះអាងដូចៗគ្នាថា៖ ពួកគាត់ហ៊ានស្បថដាក់ជីវិត ហ៊ានឱ្យក្រឡាប់ឡាន ឬរន្ទះបាញ់ស្លាប់តៃហោង ប្រសិនជាខ្លួននិយាយបំផ្លើសខុសការពិត ចំពោះការបង់ លុយចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ។
ក្នុងករណីនេះដែរលោក ផែន ភឿន ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ កាលពីថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១ បានថ្លែងថា៖ រថយន្តដែលចាប់នៅក្នុងស្នាក់ការនោះ គឺមកពីមិនបានបង់ពន្ធហើយធ្វើទៅតាមច្បាប់ ចំពោះសំនួររឿងយកលុយ៣០ម៉ឺនរៀលក្នុង១ឡាន លោក ផែន ភឿន បានបដិសេធថា មិនដឹងទេ។
រលោក នី គឹមហួរ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ដែលនៅប្រចាំការ បានបដិសេធមិនបកស្រាយឡើយ ចំពោះរឿងលុយ៣០ម៉ឺនរៀលក្នុង១ឡាន។
មហាជនបានចាត់ទុកថា៖ មន្ត្រីគយចល័យផ្លូវជាតិលេខ១ បានយកតួនាទីរបស់រដ្ឋ មកធ្វើអាជីវកម្មផ្ទាល់ខ្លួន ។
ដោយកំណត់យកលុយពីអាជីវករ យូឆ្នាំមកហើយ បង្កការរិះគន់ជាខ្លាំង ជាហេតុនាំឱ្យខាតចំណូលរដ្ឋ ពលរដ្ឋអស់ជំនឿ លើមន្ត្រីគយ ដែលទទួលបន្ទុកបង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធនៅតំបន់២។
ក្នុងនោះដែរមហាជនទាំងក្នុងស្រុក និងក្រៅស្រុក ទាមទារឱ្យថ្នាក់ដឹកនាំ មេត្តាពិចារណាវិនិច្ឆ័យ ចាត់វិធានការលើលោក ផែន ភឿន រួមនិងកូនចៅដែលបង្កព្យុះភ្លៀងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន កុំឱ្យមានការយោគយល់ឱ្យសោះ ទើបមហាជនស្ងាប់ចិត្ត។
បើទោះបីជាមហាជន កំពុងអន្ទះសារ បញ្ឈរភ្នែក ទន្ទឹងចាំមើលចំណាត់ការពីថ្នាក់លើយ៉ាងណាក្ដី ប៉ុន្តែហាក់បាត់ដំណឹងសូន្យ។
ម្យ៉ាងវិញទៀតមហាជនលើកឡើងថា ដឹងហើយលឺហើយថារថយន្ដដឹកលើសទំងន់ទើបឃាត់ទុកដោយរថយន្ដដឹកផ្ទុកចំណុះ២៤តោន តែនៅក្នុងឯកសារត្រឹមតែ៦០០គីឡូក្រាមហេតុអ្វីបានដោះលែងឲ្យទៅវិញឬមួយត្រូវរ៉ូវគ្នា មន្ដ្រីគយចល័យផ្លូវជាតិលេខ១ ស្នាក់ការស្រុកព្រះស្ដេច ខេត្ដព្រៃវែង ភ័យខ្លាចបែកធ្លាយរឿងអាស្រូវរបស់ខ្លួនទេដឹង ទើបដោះលែងទៅវិញ?
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌យើងមិនអាសុំការបំភ្លឺពីលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ បាននៅឡើយទេ។
ជាក់ស្ដែង ក្នុងមួយថ្ងៃៗមានរថយន្តរាប់សិបគ្រឿង បានដឹកទំនិញសម្ភារៈប្រើប្រាស់ ពីវៀតណាម ចូលមកខ្មែរ ទាំងយប់ទាំងថ្ងៃ ដោយឆ្លងកាត់ផ្លូវជាតិលេខ១ នឹងតែងតែឈប់នៅមុខស្នាក់ការ រួចចូលបង់លុយបាយទឹក ជូនគយចល័តផ្លូវជាតិលេខ១ ជាប្រចាំមិនដែលខាន។
ជាហេតុនាំឱ្យលោក ផែន ភឿន សំងំកើបលុយ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ជាថ្នូរនិងមិនបង្ក្រាប បទល្មើសរត់ពន្ធ ឬផាកពិន័យចូលរដ្ឋ។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយពីភាគីពាក់ពន្ធ័រៀងរាល់ម៉ោងធ្វើការ៕