(ខេត្ដកណ្តាល)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ លោក ប្លុង វិសាល ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល
បានសម្រេចចេញដីកាឃុំខ្លួន អ្នកផលិតស្រាចំនួន១៣នាក់ នៅស្រុកល្វាឯម ដាក់ពន្ធនាគារបណ្តោះអាសន្ន ។
ក្រោយពួកគេផលិតស្រា ស បណ្តាលអោយពលរដ្ឋអ្នកទទួលទានពុលស្លាប់ និងរងរបួសច្រើននាក់។
ការឃុំខ្លួននេះ បន្ទាប់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។
សម្រេចធ្វើការចោទប្រកាន់ពីបទ ” អំពើមិនសុចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់ ដោយសារពិការភាព ឬមរណៈភាព មានស្ថានទម្ងន់ទោស ” ។
ដែលប្រព្រឹត្តនៅចំណុច ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ៣០នាទី តាមបញ្ញាត្តិមាត្រា៤៣ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ។
ជនត្រូវចោទទាំង១៣នាក់ រួមមាន៖
១- ឈ្មោះ ប៊ូ ស៊ន ភេទប្រុស អាយុ៧៨ឆ្នាំ
២- ឈ្មោះ ង៉ូវ សៀ ភេទស្រី អាយុ៦៦ឆ្នាំ
៣- ឈ្មោះ អៀម នៅ ភេទស្រី អាយុ៤៨ឆ្នាំ
៤- ឈ្មោះ អេង ដូរ ភេទស្រី អាយុ៣១ឆ្នាំ
៥- ឈ្មោះ ឌួង ឌី ភេទប្រុស អាយុ៦១ឆ្នាំ
៦- ឈ្មោះ ខុន សារី ភេទស្រី អាយុ៣៦ឆ្នាំ
៧- ឈ្មោះ សេង លីសុភាព ភេទប្រុស អាយុ៣៦
៨- ឈ្មោះ អុឹម សំអូន ភេទប្រុស អាយុ៤៤ឆ្នាំ
៩- ឈ្មោះ ព្រៃ ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ
១០- ឈ្មោះ ឈឿន សុភា ភេទប្រុស អាយុ៣៣ឆ្នាំ
១១- ឈ្មោះ ពៅ ហៀង ភេទស្រី អាយុ៤៣ឆ្នាំ
១២- ឈ្មោះ ឆាយ សេងឃៀង ភេទប្រុស អាយុ៦៨ឆ្នាំ អ្នកទាំង១២ខាងលើ រស់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល
១៣- ឈ្មោះ ផាត់ សុផាន់នី ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
លោកវរសេនីយ៌ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានប្រាប់អោយដឹងថា៖ ក្នុងចំណោមអ្នកលក់ស្រាទាំង១៣នាក់នោះ ។
មានម្នាក់សមត្ថកិច្ចទើបតែចាប់ខ្លួនបានឈ្មោះ ប៊ូ សន អាយុ៧០ឆ្នាំ បន្ទាប់ពីនាំក្រុមគ្រួសាររត់គេចខ្លួនមួយរយៈ ក្រោយហេតុការណ៍ពុលស្រា នេះកើតឡើងភ្លាម។
សូមជម្រាបថា៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មានករណីស្លាប់ចំនួន២នាក់កើតឡើង នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។
ភ្លាមៗនោះ មន្ទីរសុខាភិបាលខេត្ត គ្រូពេទ្យ សហការជាមួយ នគរបាលស្រុក ។
ចុះទៅពិនិត្យនិងស្រាវជ្រាវ លទ្ធផលបង្ហាញថា សាកសពទាំងពីរពុំមានវិជ្ជមានវីរុសកូវីដ-១៩ ទេ។
ហើយតាមរយៈការសាកសួរឃើញថា ពួកគាត់ជាអ្នកចូលចិត្តហូបស្រា ជាប្រចាំ និងមានអ្នកស្លាប់ជាបន្តបន្ទាប់នៅក្នុងភូមិខាងលើនេះ ។
ជាហេតុនាំឱ្យមន្ត្រីជំនាញ យកសំណាកស្រាថ្នាំ និងស្រាស ពីទីតាំងសិប្បកម្មផលិតចែកចាយស្រា២កន្លែង និងពីទីតាំងលក់រាយតូចៗ ចំនួន២៩កន្លែង ទៅវិភាគ និងបានផ្ញើមកក្រសួងសុខាភិបាលនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា ស្រាថ្នាំ១៥សំណាក ស្រាស១៣សំណាក ដែលមានសារធាតុមេតាណុល (Metfanp) លើសកម្រិតធំជាង០,៥ភាគរយ (>0,៥%) មានចំនួន២០សំណាក ដែលធ្វើឱ្យពុល ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី០,១% ឡើយ។
ពាក់ព័ន្ធនឹងករណីខាងលើ មានមនុស្សជាង១០នាក់ហើយបានស្លាប់ជាបន្តបន្ទាប់៕