(ខេត្ដតាកែវ) ៖ បុរសម្នាក់បើករថយន្តក្នុងស្ថានភាពងងុយដេក ងោកមួយផាំងរ៉េចង្កូតបុកម៉ូតូមួយគ្រឿងដែលបើកបរក្នុងទិសដៅស្របគ្នាពីក្រោយបណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ហេតុការនេះបានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៧០-៧១ ក្នុងភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចអោយដឹងថារថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ តាកែវ 2A-2219 បើកបរដោយឈ្មោះ គង់ សុខហេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅ ភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ (គ្មានរបួស) បើកមកពីទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏ងងុយដេកហើយងោកបណ្តាលឲ្យរ៉េចង្កូតមកបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CA-3407 ពីក្រោយយ៉ាងពេញទំហឹង បណ្តាលអោយឈ្មោះ ភួង វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងរថយន្តនិងម៉ូតូខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕