ព័ត៌មានសន្តិសុខសង្គម

មុខសញ្ញាឆក់សកម្មក្នុងរាជធានីភ្នំពេញ និងមុខសញ្ញាចាស់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបាន

(ភ្នំពេញ) ៖ ជនសង្ស័យ២នាក់ ដែលជាចោរជំនាញឆក់កាបូប ទូរស័ព្ទ ជាពិសេសជនជាតិបរទេស ដែលឆក់ម្តងៗ ខ្ទង់ម៉ឺនសែនដុល្លា និងធ្លាប់ជាប់ពន្ធនាគារផងនោះ ពេលនេះត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមស្រាវជ្រាវបង្ក្រាប ពីរកន្លែងផ្សេងគ្នា ទី១កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៩ ឧសភា២០២១ ចំណុចផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងចំណុចទី២ នៅរសៀលថ្ងៃដដែល ចំណុចផ្លូវជាតិ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានដឹងថាជនសង្ស័យទី១មានឈ្មោះ ស្វាយ រិទ្ធី ហៅ(ប៊យ) អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ទី២.ឈ្មោះ ជុំ ស៊ីដែន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចផ្លូវជាតិ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ជនដៃដល់និងធ្លាប់ជាប់ពន្ធនាគារ)។ចំណែកជនរងគ្រោះឈ្មោះ WONG KIN WAH ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន។

តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់) ជនជាតិ ចិន នៅមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពី វេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ប្រាកដមែន ។

នគរបាលជំនាញអោយអោយដឹងផងដែរថា ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដោយមានការបញ្ជារផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន ឯកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានជំរុញឲ្យជំនាញការិយាល័យ (ក៥) ស្រាវជ្រាវជាបន្ទាន់ ដើម្បីឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះ។

ប្រត្តិបត្តិការនេះ មានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន បានតាមស្រាវជ្រាវស៉ើបអង្កេតរហូតកំណត់មុខសញ្ញាបាន ធ្វើការឃាត់បានជនសង្ស័យទាំង២នាក់ ជាបន្តបន្ទាប់ក្នុងថ្ងៃតែ១ និងដកហូតមធ្យោបាយធ្វើសកម្មភាពម៉ូតូចំនួន២គ្រឿងទី១ម៉ាក ស៊ុយស៊ីគីនិច ស៊េរី២០២០ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ទី២ម៉ាក ហុងដាឃ្លីក ពណ៌ខ្មៅ ស៊េរី២០២០គ្មានស្លាកលេខ និងប្រាក់ជនរងគ្រោះមួយចំនួនធំ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

គួរំលឹកផងដែរកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង ៣០នាទី ជនរងគ្រោះបានចេញពីធនាគារABA ផ្លូវត្រសក់ផ្អែម ជិះម៉ូតូកង់បី (PASSAPP) ក្នុងគោលបំណងទៅធនាគារ ហួយវ័ន នៅផ្លូវនរោត្តម ដោយ បានដាក់កាបូបស្ពាយ ពីមុខខ្លួន ដោយពាក់ ខ្សែរកាបូបលើស្មាខាងស្តាំ លុះមកដល់ចំណុចមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ក៏ស្រាប់តែមានជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូចំនួន ០២ គ្រឿង ម៉ាក ហុងដា ឃ្លីក សេរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ និងម៉ូតូម៉ាក និច (NEX) ឆ្នាំ២០២០ ពណ៌ ទឹកប្រាក់ គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់យកកាបូប បានសម្រេច រួចជនសង្ស័យទាំងពីរក៏បានបើកម៉ូតូគេចចេញពីកន្លែងកើតហេតុតែម្តង ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *