ព្រៃវែង ៖ ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រួមជាមួយគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមការងារកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ០២ខ្នង ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យចំនួន ០២បង្គន់ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារក្រីក្រចំនួន ០២គ្រួសាររស់នៅឃុំក្រញូង និងឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ ក៏មានការផ្តល់ជូននូវសម្ភារប្រើប្រាស់ប្រចាំថ្ងៃបន្ថែមមួយចំនួនទៀត ដោយក្នុង១គ្រួសារទទួលបាន៖
-អង្ករ ២៥គីឡូ
-វិទ្យុ ១គ្រឿង
-កន្ទេល ចំនួន១
-ឃីត ១កញ្ចប់
-ត្រីខ ១យួរ
-មី ១កេស
-ច្រាស់ដុះបង្គន់ ចំនួន១
-បោយទឹក ចំនួន១
-សាប៊ូម្សៅ ១កញ្ជប់
-ថវិកាលើកទឹកចិត្ត ចំនួន ១០០,០០០រៀល៕