ព័ត៌មានជាតិ

ជនរងគ្រោះបន្តលាតត្រដាងអំពើទុច្ចរិចរបស់អនុរដ្ឋលេខាធិការពីររូប ខណៈចៅក្រមហៅពួកគេទៅសួរចម្លើយនៅថ្ងៃស្អែក!

(ភ្នំពេញ)៖ ប្រភពពីជនរងគ្រោះ លោក កាន រិទ្ធី បានបញ្ជាក់ថា នៅក្នុងកិច្ចសន្យាទិញលក់ដី រវាងលោក មាស សាវឿន និងលោក ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ចំណុចប្រការ២ ត្រង់ ២.៣ នៃកិច្ចសន្យា លោក មាស សាវឿន បានធានាអះអាងថា ដីដែលលក់ឲ្យលោក កាន រិទ្ធី នោះ គឺគ្មានទំនាស់នោះទេ ក្នុងករណីមានទំនាស់ដោយប្រការណាមួយ លោក មាស សាវឿន ជាអ្នកចេញមុខដោះស្រាយ និងទទួលខុសត្រូវទាំងស្រុង។

តាមការពិតលោក មាស សាវឿន បានដឹងជាមុនហើយថា ដីរបស់លោកមានបញ្ហាជាបន្តបន្ទាប់ តែលោកនៅតែចុះកិច្ចសន្យាទិញលក់ទាំងបំពាន និងដោយចេតនាទុច្ចរិច។

លោក កាន រិទ្ធី បន្តថា ជាក់ស្តែង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៦ មុនថ្ងៃចុះកិច្ចសន្យាទិញលក់ដី ១៤ថ្ងៃ ពេលនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតជម្រាបជូនមក ប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ឲ្យពិនិត្យ រាយការណ៍ ដោះស្រាយ បញ្ហាដីទំនាស់តាមការស្នើសុំអន្តរាគមន៍ចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុដែលស្នើដោយអ្នកស្រីតាំង ឈុន អេង ភរិយារបស់លោក មាស សាវឿន និងយោងតាម ដីកាបញ្ជូនរបស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោក មាស សាវឿន បានទទួលលិខិតនេះ និងបានពឹងពាក់មេធាវីឲ្យស្នើសុំអន្តរាគមន៍ចេញប័ណ្ណ ក្នុងន័យនេះ មានន័យថា លោក មាស សាវឿន បានរត់ការដោះស្រាយដីមិនទាន់ដាច់ស្រេច តែលោកមានចេតនាឆបោក ដោយសមគំនិតជាមួយលោក ឆែម ពេត មកបញ្ចុះបញ្ចូលអូសទាញរូបលោក ឲ្យចុះកិច្ចសន្យាទិញលក់ដីកំពុងមានទំនាស់។

លោក កាន រិទ្ធី បានបង្ហាញថា ដីរបស់លោក មាស សាវឿន ចាប់ផ្តើមមានបញ្ហាតាំងពីឆ្នាំ២០០៣ មក គឺចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០៣ ដោយកាលនោះ ឯកឩត្តម កែប ជុតិមា ជាអភិបាលរាជធានីភ្នំពេញ បានដកយកដីប្រជាពលរដ្ឋមួយចំនួនរួមទាំងដីរបស់ លោក មាស សាវឿន ផងយកមកធ្វើជាតំបន់អភិរឌ្ឍន៍។

ចាប់ពីឆ្នាំ២០០៣ នោះមកជាបន្តបន្ទាប់ លោក មាស សាវឿន បានដាក់ពាក្យប្តឹងទៅកាន់តុលាការក្រុងភ្នំពេញ, ប្តឹងទៅគណៈកម្មការការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹងនៃរដ្ឋសភា និងព្រឹទ្ធិសភា, ប្តឹងទៅក្រសួងមហាផ្ទៃ, ប្តឹងសុំអន្តរាគមន៍ទៅខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាដើម។

ចុងក្រោយបន្ទាប់ពីដាក់ពាក្យសុំអន្តរាគមន៍ ទៅខុទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ មួយថ្ងៃបន្ទាប់ ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើលិខិតមក គណៈអភិបាលរាជធានីភ្នំពេញស្តីពីសំណើសុំជួយអន្តរាគមន៍នេះ។

ក្រោយទទួលបានពាក្យសុំអន្តរាគមន៍ពីខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ចាត់ឲ្យអភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ ពិនិត្យ និងលើកយោបល់មកសាលារាជធានីភ្នំពេញ។

ជាមួយគ្នានោះ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ សារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយអំពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ប្រមាណជាង ២០០នាក់ ដោយយកគ្រឿងចក្រចុះទៅវាយកម្ទេចចោល របងថ្មដ៏រឹងមាំរបស់លោក មាស សាវឿន អតីតអភិបាលរងខេត្តព្រះវិហារ ដែលសង់រំលោភទៅលើដីរបស់ ប្រជាពលរដ្ឋនៅក្បែរខាង។

ដីដែលលោក មាស សាវឿន អះអាងថាជាដីរបស់ខ្លួនទំហំ ២០,០០០ ម៉ែតការ៉េ មានទីតាំងស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គឺមានទំនាស់ជាមួយអ្នកស្រី លឹម វណ្ណា។

អ្នកស្រី លឹម វណ្ណា បានអះអាងថា ដីទំនាស់នេះ មានទំហំ ១២,០០០ម៉ែត្រការ៉េនេះ គាត់បានទិញដោយស្របច្បាប់ពីលោក លឹម អាន ចំនួនក្បាលដី ៦០ម៉ែត្រ មានបណ្ដោយ ២០០ម៉ែត្រ នៅក្នុងឆ្នាំ១៩៩៩ និងមានទាំងឯកសារពីអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌដឹងឮ និងទទួលស្គាល់ត្រឹមត្រូវ។

លោក មាស សាវឿន បានលក់ដីរបស់ខ្លួនអស់ទៅហើយចំនួន ១២៥ម៉ែត្រ និងបណ្ដោយ ២០០ម៉ែត្រ ដែលនៅខាងកើតជាប់ក្បាលដីរបស់ឈ្មោះ លឹម អាន។

ជាពិសេសលោក មាស សាវឿន បានផ្ដិតមេដៃទទួលស្គាល់ព្រុំដីនៅចំពោះមុខមេភូមិ និងអនុប្រធានភូមិ ក្នុងឆ្នាំ២០០០មក ស្រាប់តែប្តឹងចោទឈ្មោះ លឹម អាន ថាលួចយកដីលក់ ដើម្បីដណ្ដើមដីរបស់គាត់ដែលទិញដោយស្របច្បាប់ ទើបមានការប្ដឹងផ្ដល់គ្នារហូតដល់អំឡុងឆ្នាំ២០១៦។

អតីតព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ឺវណ្ណនី ធ្លាប់បានកោះហៅឲ្យលោក ប៉ុល ឌីម ជាមេភូមិទួលគោក និងលោក ស៊ុន លឹមសេង អនុប្រធានភូមិ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ឲ្យចូលខ្លួនមកបំភ្លឺបញ្ជាក់ជុំវិញករណីពិនិត្យស្នាមមេដៃលើលិខិតលក់-ទិញដី និងទទួលស្គាល់ព្រុំជាប់ដីទាំងសង្ខាង ដើម្បីបញ្ចប់បញ្ហា ហើយបានរកឃើញថា ពិតជាស្នាមមេដៃលោក មាស សាវឿន ប្រាកដមែន ពោលគឺលោក មាស សាវឿន មិនមានដីនៅទីតាំងនោះទៀតទេ។

គួរបញ្ជាក់ថា លោក ឌុច សុខសារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក៏បាននឹងកំពុងចាត់ការសំណុំរឿងនេះ ដោយបានកោះហៅឈ្មោះ ឆែម ពេត ឱ្យចូលឆ្លើយបំភ្លឺនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ស្អែកនេះ។

ចំណែកឈ្មោះ មាស សាវឿន ត្រូវចូលខ្លួននៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។

សូមជម្រាបជូនថា លោក សាយ ណូរ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កន្លងទៅ បានផ្ញើលិខិតមួយច្បាប់ទៅ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីជូនដំណឹងស្ដីពីការចោទប្រកាន់លើឈ្មោះ មាស សាវឿន ជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឈ្មោះ ឆែម ពេត ជាអនុរដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី។

តំណាងអយ្យការ បញ្ជាក់ថា ការជូនដំណឹងនេះ ធ្វើឡើងយោងទៅតាម មានមាត្រា ៥១ថ្មី នៃច្បាប់ស្ដីពី វិសោធនកម្មច្បាប់ ច្បាប់ស្ដីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។

លិខិតជូនដំណឹង ដែលមាន ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ឯកភាពនោះ បញ្ជាក់ថា៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៣២១៩ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ពីមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដែលមានដើមបណ្ដឹងឈ្មោះ កាន រិទ្ធី ដែលបានប្ដឹងឈ្មោះ មាស សាវឿន និងឈ្មោះ ឆែម ពេត និងបក្ខពួក ពីបទ ឆបោក និងរំលោភលើទំនុកចិត្ត។

ក្រោយពីសាកសួរដើមបណ្ដឹង និងពិនិត្យសំណុំរឿងចប់សព្វគ្រប់ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើឈ្មោះ មាស សាវឿន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឈ្មោះ ឆែម ពេត ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ ជាអនុរដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ពីបទ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

លិខិតដដែលនេះ បានអះអាងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ឈ្មោះ ឆែម ពេត បានឱ្យឈ្មោះ កាន រិទ្ធី ទិញដីទំហំ ២០,០០០ ម៉ែតការ៉េ មានទីតាំងស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងតម្លៃ ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ (តម្លៃសរុប ៤,០០០,០០០ដុល្លារ) ពីឈ្មោះ មាស សាវឿន ដោយមានកិច្ចសន្យាទិញលក់ត្រឹមត្រូវ និងព្រមប្រគល់ប្រាក់លើកទី១ ឱ្យទៅឈ្មោះ មាស សាវឿន ចំនួន ១៥,០០០ដុល្លារ នៅចំណុចភោជនីយដ្ឋាន ឌីថេរាស ទល់មុខសាលាបឋមសិក្សាទួលគោក រាជធានីភ្នំពេញ។

នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឈ្មោះ កាន រិទ្ធី បានប្រគល់ប្រាក់ឱ្យទៅឈ្មោះ មាស សាវឿន ចំនួន ៦៥,០០០ដុល្លារ នៅក្នុងផ្ទះរបស់ ឯកឧត្ដម ញឹក ប៊ុនឆៃ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ឈ្មោះ កាន រិទ្ធី បានប្រគល់ប្រាក់ឱ្យទៅឈ្មោះ មាស សាវឿន ចំនួន ២០,០០០ដុល្លារ នៅភោជនីយដ្ឋាន ឌីថេរាស ទល់មុខសាលាបឋមសិក្សាទួលគោក រាជធានីភ្នំពេញ ដោយមានឈ្មោះ ម៉ក យា និងឈ្មោះ នួន សោភា ជាអ្នកដឹងឮ។

នៅពេលទទួលប្រាក់រួច ឈ្មោះ មាស សាវឿន ពុំបានរត់ការផ្ទេរកម្មសិទ្ធិ (កាត់ឈ្មោះ) ដីឱ្យទៅឈ្មោះ កាន រិទ្ធី ឡើយ ទើបជនរងគ្រោះបានដាក់ពាក្យប្ដឹងអន្តរាគមន៍ទៅមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

ជុំវិញករណីខាងលើនេះ លោក មាស សាវឿន ធ្លាប់បានចេញលិខិតបំភ្លឺមួយច្បាប់ច្រានចោល ការចោទប្រកាន់របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបញ្ជាក់ថា រឿងនោះជាការទិញលក់ដី ដែលមិនទាន់បំពេញកាតព្វកិច្ចរាងខ្លួន ដោយមានឯកសារបញ្ជាក់ត្រឹមត្រូវតាមច្បាប់៕ដោយ៖សហការី

adm

Leave a Reply

Your email address will not be published. Required fields are marked *