ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង រៀចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែង!

ព្រៃវែង៖ នៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង ដែលដឹកនាំដោយ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រៀចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាស្រុក ក្រុម ប្រឹក្សាឃុំ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធផលសម្រេចបានការអនុវត្តសកម្មភាពនានារបស់ ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣ និងរៀបចំផែនការសកម្មភាពឆ្នាំ២០២៤ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈម សំណូមពររបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សហគមន៍ និងប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកានានេះ។

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដំណើរការនៃវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ គឺស្ថិតក្នុង គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ។ គោលបំណងសំខាន់ គោលនយោបាយនេះ គឺ៖

១-ការកែលំអនូវប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យ នៅមូលដ្ឋាន។

២-ការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន។

៣-ការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា។

ទាំងអស់ខាងលើ គឺបង្ហាញឱ្យឃើញនូវឆន្ទៈដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា និងជាការបោះជំហាន ទៅមុខមួយ ក្នុងកិច្ចដំណើរការកំណែទម្រង់អភិបាលកិច្ចថ្នាក់មូលដ្ឋាន នៅក្នុងប្រទេសកម្ពុជា សំដៅពង្រឹងលទ្ធិប្រជា ធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រកបដោយប្រសិទ្ធភាពការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយ សម្រាប់លើក កម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុម ប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ព្រមទាំងផ្តល់ឱកាស ក្នុងការពិភាក្សាប្រកបដោយតម្លាភាព គ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណៈជននានា ដែលអាចទទួលបាននូវ ការផ្ទៀងផ្ទាត់នូវតម្រូវការពិតប្រាកដ របស់បងប្អូនប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តម អភិបាលខេត្ត ក៏ឲ្យសមាជិក សមាជិកាក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ លើកឡើងជាសំណួរ សំណូមពរ បញ្ហាប្រឈម និងក្តីទុក្ខកង្វល់ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីពិភាក្សារួមគ្នា ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ហើយបន្តខិតខំប្រឹងប្រែងដោះ
ស្រាយនិងឆ្លើយតបតាមតម្រូវការ និងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ សម្រាប់អភិឌ្ឍន៍មូលដ្ឋានប្រកបដោយចីរភាព ធានាបានការលើកកម្ពស់ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយសមធម៌ លើកកម្ពស់គុណភាព ជីវិត របស់ប្រជាពលរដ្ឋក្នុងបរិយាកាសមួយប្រកបដោយសន្តិភាព សុវត្ថិភាព និងសុខុមាលភាព និងជាពិសេស បានផ្សព្វផ្សាយព័ត៌មាននានា ដែលជាសមិទ្ធផល របស់ក្រុមប្រឹក្សាសម្រេចបានក្នុងឆ្នាំ២០២៣ និងទិសដៅអនុវត្ត បន្តក្នុងឆ្នាំ២០២៤ ទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ។

សូមបញ្ជាក់ថា វេទិកានេះក្នុងគោលបំណង
បង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយៈ៖

១.ការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបាននិង បញ្ហាប្រឈមនានាក្នុងឆ្នាំ២០២៣។

២.ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីគម្រោងអាទិភាពនានា នៃផែនការអភិវឌ្ឍរបស់រដ្ឋបាល ខេត្តសម្រាប់ឆ្នាំ២០២៤។

៣.ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ទទួលបានព័ត៌មាន និងលើកមតិយោបល់ជូនក្រុមប្រឹក្សា។

៤.ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ។

ក្នុងនោះដែរ សំនួរ និងសំណូមពរដលអង្គវេទិកាទទួលបាន ចំនួន១០ធ្វើការឆ្លើយតបនឹងស្រាយបំភ្លឺរួចចំនួន០៩ឯបញ្ហាដែលនៅសល់រដ្ឋបាល ខេត្ត នឹងយកទៅពិគ្រោះពិភាក្សាជាមួយក្រុមប្រឹក្សាខេត្ត និងសមត្ថកិច្ចដែលពាក់ព័ន្ធ រួចរកវិធានការណ៍ដោះ ស្រាយឱ្យបានទាន់ពេលវេលាទៅតាមសមត្ថកិច្ចរៀងៗខ្លះ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *