ព័ត៌មានជាតិ

អបអរ សាទរ !ឯកឧត្ដម សួន សុម៉ាលីន ត្រូវបាន ប្រកាសតែងតាំងជាអភិបាលខេត្តព្រៃវែង ជាផ្លូវការហើយ!

(ព្រៃវែង)៖ នារសៀលថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៣នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តព្រៃវែង ដោយលោកសួន សុម៉ាលីន ប្រកាសតែងតាំងជាអភិបាលខេត្តព្រៃវែង ជំនួសលោកជា សុមេធី ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច។

លោកអភិសន្តិបណ្ឌិត ស សុខាក៏បានថ្លែងកោតសរសើរដល់រដ្ឋបាលខេត្តព្រៃវែងដែលបានខិតខំអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើននិងមានទំនាក់ទំនងល្អជាមួយក្រសួង ស្ថាប័ន អង្គភាពគ្រប់ថ្នាក់ និងរក្សាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយសំណើ សំណូមពរបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា។

លោកអភិសន្តិបណ្ឌិតបានថ្លែងលើកឡើង អំពីការស្នើសុំទៅលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការសម្របសម្រួលការផ្ទេរកម្មសិទ្ធិដីធ្លីពីឪពុកម្តាយមកកូនតាមប្រព័ន្ធឌីជីថល ដោយប្រើពេលយ៉ាងយូរ ៥នាទី ដោយមិនអស់ថវិកាអ្វីទាំងអស់ផងដែរ។

បន្ថែមលើសពេលនេះ លោកអភិសន្តិបណ្ឌិតបានថ្លែងផ្តាំផ្ញើរដល់លោកអភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព បង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏ជំរុញលើកទឹកចិត្តដល់គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ នៃរដ្ឋបាលខេត្ត បន្តពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាពឯកភាពផ្ទៃក្នុង និងត្រូវព្យាយាមបង្កើតកម្មវិធីបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយភ្ជាប់នឹងជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បីប្រសិទ្ធភាពការងារ។

នាឱកាសនោះលោកអភិសន្តិបណ្ឌិត ក៏បានលើកឡើងពីចំណុចគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមមគ្គទេសក៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងយុទ្ធសាស្ត្របញ្ចកោណនេះបានកំណត់បាវចនា៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ទន្ទឹមនឹងគោលដៅយុទ្ធសាស្រ្ត៥គឺការធានាឲ្យបានកំណើនសេដ្ឋកិច្ច, ការបង្កើតការងារឲ្យបានកាន់តែច្រើន, ការសម្រេចឲ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, ការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន និងចុងក្រោយគឺការធានាឲ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

លោកអភិសន្តិបណ្ឌិតបានបន្តថា ថ្នាក់ដឹកនាំខេត្ត មានក្រុមប្រឹក្សាខេត្តនិងអភិបាលខេត្ត បន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ពូតដៃគ្នាដើម្បីអភិវឌ្ឍខេត្តព្រៃវែងឲ្យកាន់តែរីកចម្រើននៅថែមទៀត។ព្រមទាំងលើកកម្ពស់ការពារសន្តិសុខសណ្តាប់ធ្នាប់ តាមបន្ទាត់ព្រំដែន និងសហប្រតិបត្តិការជាមួយប្រទេសជិតខាងឲ្យបានល្អ ធ្វើយ៉ាងណាឲ្យព្រំដែនមានសន្តិភាព និងការអភិវឌ្ឍ។

ជាមួយគ្នានេះត្រូវបន្តផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរ ដូចជាការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ លើកកម្ពស់បណ្ដុះបណ្ដាលដល់មន្ត្រីឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការងារឲ្យទទួលបានជោគជ័យបន្ថែមទៀត បន្តរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន ដើម្បីដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព៕

adm

Leave a Reply

Your email address will not be published. Required fields are marked *