ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យទីតាំងត្រៀមធ្វេីចត្តាឡីស័ក​ និងស្ថានភាពបិទខ្ទប់ភូមិ​ បន្ទាប់ពីរកឃេីញពលរដ្ឋវីជ្ជមានកូវីដ-១៩ នៅក្នុងស្រុកចំការលេី

(ខេត្ដកំពង់ចាម )៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយ មន្ត្រីពាក់ព័ន្ធ នាព្រឹក​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០២១​ បានអញ្ជើញចុះ​ពិនិត្យទីតាំង​សម្រាប់​ត្រៀម​ធ្វើ​ចត្តាឡីស័ក​របស់​រដ្ឋបាលស្រុកចំការលេី​ និង​ពិនិត្យស្ថានភាព បិទខ្ទប់ភូមិ​រយៈពេល​១៤​ថ្ងៃ​ ដេីម្បី​ធ្វើ​ចត្តាឡីស័ក​​ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លេីកម្មករ​សំណង់​ និងកម្មការិនី​នៅ​រាជធានីភ្នំពេញ​ អ្នក​ទាំង២​រស់នៅ​ភូមិ​មហា​ ឃុំ​ស្វាយទាប​ ស្រុកចំការលេី​ ​ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​​បិទខ្ទប់​ភូមិមហា​ និង​ភូមិ​ស្វាយទាប​ ​ស្ថិត​ក្នុង​ឃុំ​ស្វាយទាប​ និងបិទខ្ទប់​ បន្ទប់​ពិគ្រោះ​ព្យាបាលជំងឺ​ វេជ្ជបណ្ឌិត​ ប៉ោ​ រដ្ឋា​ ស្ថិត​ក្នុង​ឃុំតាប្រុក​ ស្រុកចំការលេី​ផងដែរ​ ។

ក្នុង​ឱកាសនោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា​ បន្ទាប់​ពី​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ​-១៩​​ ទាំង២នាក់​ឪពុក​កូន​ខាងលេី ​ដោយ​មាន​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​ជា​ច្រើន​​ផង​នោះ​ អាជ្ញាធរបាន​សម្រេច​ធ្វើ​​ការ​បិទខ្ទប់​ភូមិ​ ដេីម្បី​ធ្វើ​ចត្តាឡីស័ក​​ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​​ ដាក់​ខ្សែ​ហ៊ុំព័ទ្ធ​ ធ្វើការ​យាមកាម​ និងមិន​អនុញ្ញាត​ឲ្យ​​ធ្វេី​ដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ឬឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ត្រឹម​រយៈពេល​១៤ថ្ងៃ​ ​ប្រសិនជា​គ្មាន​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ទេនោះ​ គឺ​អាជ្ញាធរ​នឹង​បេីកឲ្យ​ធ្វើ​ដំណើរ​ជាធម្មតា​​ឡើង​វិញ ។

​ក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាននេះដែរ ឯកឧត្តមអភិបាលខេត្ត​ បាន​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​​មួយ​ចំនួន​ សម្រាប់​​អាជ្ញាធររៀបចំ​ឲ្យ​មានការលក់ដូរនូវម្ហូបអាហារ​ ដែលជា​តម្រូវ​ការ​ប្រចាំថ្ងៃ​​ ក្នុង​នោះអាជ្ញាធរ​ត្រូវប្រើប្រាស់​វិធី​២យ៉ាង​ គឺ៖
ទី១-ត្រូវ​​បង្កើត​ឲ្យ​មាន​កន្លែង​សម្រាប់​លក់ដូរ​ត្រីសាច់បន្លែ​​​នៅ​ក្បែរ​​ព្រំប្រទល់​ដែល​បាន​ហ៊ុំព័ទ្ធ ហើយ​​អនុញ្ញាត​ឲ្យ​មនុស្ស​​តែ​ម្នាក់ទេ​ក្នុង​១គ្រួសារ​ សម្រាប់​ចេញ​មក​ទិញ​ស្បៀង​អាហារ​ និង​ក្នុង​១សប្តាហ៍​ អនុញ្ញាត​ឲ្យ​បានយ៉ាង​ច្រើន​តែ៣ដង​ប៉ុណ្ណោះ​ ​ដោយ​អាជ្ញាធរ​ត្រូវ​ចេញ​កាត​សម្គាល់​ឲ្យ​ជា​បន្ទាន់​សម្រាប់​ប្រេីប្រាស់​ ។

ទី២-ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​លក់ដូរ​ចល័ត​ តាម​រម៉ក​ម៉ូតូ​ ឬ​យានជំនិះ​អ្វី​ផ្សេង​ ចូល​ទៅ​ក្នុង​ភូមិ​ ប៉ុន្តែ​ត្រូវ​​ណែនាំ​​​ឲ្យ​អ្នក​លក់ដូរ​ទាំងអស់​ ត្រូវ​ពាក់ម៉ាស​ ពាក់​របាំងមុខ​ការពារ​ និង​ប្រេីប្រាស់​ស្រោមដៃ​ ព្រមទាំង​ប្រេីប្រាស់​ទឹក​អាកុល​សម្រាប់​លាង​សម្អាត​ជាប្រចាំ​ទៀតផង ។

ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យ​បន្តចូលរួមជាមួយអាជ្ញាធរ​ ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេស​ត្រូវអនុវត្ត​តាម​សេចក្តី​​ណែនាំ​របស់រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ពោលគឺ​ត្រូវ​អនុវត្ត​វិធានការ ៣ការពារ​ ៣កុំ និង​២ចូលរួម​ ដើម្បីកាត់ផ្ដាច់ខ្សែចម្លង​ជំងឺ​ឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​ពី​សហគមន៍​ ចំពោះ​ប្រជាពលរដ្ឋ​​ដែល​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ខាងលេី​ ត្រូវមក​យក​សំណាក​នៅ​មន្ទីរពេទ្យដែលនៅ​ជិត​បំផុត​ ដេីម្បី​ធ្វើ​ពិនិត្យ​​​ផង​ដែរ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *