ព័ត៌មានសន្តិសុខសង្គម

នាំគ្នាដាក់ខ្សែតោងឡើងចូលធ្វើសកម្មភាព អស់លក្ខណ៍ត្រឹមកម្លាំងល្បាត

(ភ្នំពេញ )៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹក ឃាត់ខ្លួនយកទៅធ្វើការសាកសួរ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឡើងរបងបំរុងចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋដែលទុកចោល កាលពីវេលាម៉ោង៩យប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ចំនុចផ្លូវ១៨៣ កែងផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់សួរនាំឈ្មោះ ជៀម ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំបឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សំភារៈដកហូត មានកង់កញ្ចាស់មួយគ្រឿង ។

តាមសមត្ថកិច្ចបានអោយអោយដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យម្នាក់នេះយកទៅសាកសួរ គឺកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើល្បាតក្នុងមូលដ្ឋាន លុះដល់គោលដៅផ្លូវម៉ៅសេទុង កែង១៨៣ ក៍ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន៣នាក់ កំពុងតែដាក់ខ្សែ ប្រយិតប្រតោងបំរុងឡើងចូលទៅផ្ទះមួយកន្លែងដែលម្ចាស់ទុកចោល ហើយពេលនោះក្រុមជនសង្ស័យទាំងនោះ គ្រាន់តែក្រឡេកឃើញកម្លាំងសមត្ថកិច្ចភ្លាម ក៍ស្រាប់តែនាំគ្នារត់គេចខ្លួន ដោយមានទាំងអ្នកជិះកង់ផងដែរ ប៉ុន្តែកម្លាំងសមត្ថកិច្ចបានជិះម៉ូតូដេញតាម រហូតមកដល់ផ្លូវបំបែកជា៥ ក្នុងទឹកដីខណ្ឌចំការមន ទើបឃាត់ជនសង្ស័យម្នាក់ ដកហូតកង់១គ្រឿង និងបាននាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទំនប់ទឹកតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យម្នាក់ខាងលើបានសារភាព ខ្លួនមិនបានធ្វើសកម្មភាពលួចនោះទេ តែពេលនោះខ្លួនបានជិះកង់មកអង្គុយនៅក្បែរនោះ ក៍ត្រូវកម្លាំងសមត្ថកិច្ចដេញឃាត់ខ្លួនយកទៅសួរនាំតែម្តង ។

ក្រោយពេលសាកសួររួចហើយ ជនសង្ស័យរូបនោះត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការបន្ត ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *