ខេត្ដសៀមរាប៖ រថយន្តម៉ាស្តា មួយគ្រឿង ពាក់ស្លាកលេខនគរបាល ដែលបើកក្នុងល្បឿនលឿន បានបុកជាមួយម៉ូតូមួយគ្រឿង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
យោងតាមរបាយការណ៍នគរបាលចរាចរណ៍ ខេត្តសៀមរាប បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនវេលារំលងអាធ្រាត ចូលថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៣ នៅត្រង់ចំណុច មុខរ៉ូហ្សាណា ស្ថិតនៅលើផ្លូវជាតិលេខ៦ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ដោយរថយន្តម៉ាក ម៉ាសដា ពណ៌ ខ្មៅ ពាក់ស្លាកលេខ នគរបាល 2-1260 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរមានទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក វ៉េវ ពណ៌ ខ្មៅ ផ្លាកលេខ សៀមរាប 1AH-3243អ្នកបើកបរ ឈ្មោះ លឹម ពុទ្ធាវី ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅផ្ទះជួលភូមិ ធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុងខេត្ត សៀមរាប មានទិសដៅ ពីលិចបត់ឆ្វេងទៅជើង បណ្តាលអោយ ស្លាប់ឈ្មោះ លឹម ពុទ្ធាវី ស្លាប់នៅនឹងកន្លែងកើតហេតុ។ រីឯម៉ូតូ និងរថយន្តខូចខាតធ្ងន់ធ្ងរ។
ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប លោក សោម វីរៈ បានឲ្យដឹងថា តាមការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ អ្នកបើកបររថយន្តបានបើកបរក្នុងល្បឿនលឿន ។
លោកថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
ប៉ុន្តែបើទោះជាយ៉ាងនេះក្តីសមត្ថកិច្ចក៏កំពុងស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកបររូបនេះផងដែរ៕