ព័ត៌មានជាតិ

ប្រជាពលរដ្ឋស្រុកកោះសូទិន ពិសេសនៅឃុំពាមប្រធ្នោះ សាទរចំពោះអភិបាលខេត្តកំពង់ចាម ចុះដោះស្រាយ សាងសង់ស្ពានឆ្លងកាត់ទន្លេតូច ជូនពួកគាត់ប្រើប្រាស់

ខេត្ដកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ នៅព្រឹកថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០២៣ នេះ ទទួលបានការសាទរពីប្រជាពលរដ្ឋនៅស្រុកកោះសូទិន ជាពិសេសប្រជាពលរដ្ឋនៅក្នុងឃុំពាមប្រធ្នោះ ចំពោះការចុះដោះស្រាយបញ្ហា ដោយសម្រេចសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេតូច នៅចំណុចមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ជូនពួកគាត់ប្រើប្រាស់ ។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា យុទ្ធសាស្ត្រ ដោះស្រាយបញ្ហាជូនពលរដ្ឋ នៅចំណុចកើតហេតុខាងលើនេះ គឺឈរលើគោលការណ៍ ឈ្នះឈ្នះ ទាំងអស់គ្នា ដោយ ៖
ទី១ ៖ អាជ្ញាធរសម្រេចកាយដីចេញពីទីតាំងដែលព្រះសង្ឃ និងប្រជាពលរដ្ឋបានចាក់ដីលុបដើម្បីធ្វើផ្លូវឆ្លងកាត់ពីក្រោយម្ខាងទៅត្រើយម្ខាង នៃទន្លេតូចនោះ ចេញវិញ ឱ្យបានដូចស្ថានភាពដើម ។

ទី២ ៖ អាជ្ញាធរសម្រេច សាងសង់ស្ពានបេតុងមួយខ្សែប្រវែង ពី ៩០ ទៅ ១០០ ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ របស់បងប្អូនប្រជាពលរដ្ឋ នៅទីនោះ និងជាការបញ្ចប់ជម្លោះ ដណ្តើមទឹកគ្នា ក៏ដូចជាការសម្រួល ដល់លំហូរទឹក ឲ្យហូរមានលក្ខណៈជាប្រក្រតី ឱ្យបងប្អូនប្រជាពលរដ្ឋនៅផ្នែកខាងក្រោម ពិសេសនៅស្រុកពារាំង និងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានទឹកប្រើប្រាស់គ្រប់គ្រាន់ ដែលមានប្រភពចេញពីទន្លេមេគង្គ កាត់តាមទន្លេតូច ក្នុងស្រុកកោះសូទិននេះ ។

សូមបញ្ជាក់ផងដែរថា ក្រោយដំណោះស្រាយភ្លាមៗ របស់អាជ្ញាធរខេត្តកំពង់ចាម បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ មានក្តីរំភើប សប្បាយរីករាយក្រៃលែង និងបានស្រែកអបអរសាទរចំពោះ ឯកឧត្តមអភិបាលខេត្ត ដែលបានដឹកនាំក្រុមការងារ ចុះមកដោះស្រាយបញ្ហា ដែលជាក្តីកង្វល់របស់ពួកគាត់ បានទាន់ពេលវេលា ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា ការសាងសង់ស្ពានបេតុងមួយខ្សែ ដែលមានប្រវែង ៩០ ទៅ ១០០ ម៉ែត្រ ឆ្លងកាត់ទន្លេតូចនេះ អាជ្ញាធរខេត្ត កំពុងជំរុញនិតិវិធី ដើម្បីឲ្យមានការចាប់ផ្ដើមដំណើរការសាងសង់ឱ្យបានឆាប់ នៅក្នុងឆ្នាំ ២០២៣ នេះតែម្តង ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *