(ភ្នំពេញ)៖ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី០៣ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលឱសថឈ្មោះ Nuobisong Switzerlandគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖
យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ឯកទេសបំបាត់ស្នាម មុន ជាំ កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ Nuobisong(Switzerland) និងផលិតផលផ្សេងៗទៀតគ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ទៀតនោះក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផលឱសថឈ្មោះ Nuobisong Switzerland និងឈប់ប្រើប្រាស់ផលិតផលឱសថគ្មានលេខបញ្ញិកាខាងលើ ជាបន្តទៀត ហើយក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលឱសថឈ្មោះ Nuobisong Switzerland នេះជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធ ទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ Nuobisong Switzerland និង ផលិតផលគ្មានលេខបញ្ជីកាផ្សេងៗទៀត ទៅតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលឱសថឈ្មោះ Nuobisong | Switzerland និងផលិតផលគ្មានលេខបញ្ញិកាផ្សេងៗទៀតខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង៕