ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២២

(ខេត្តកណ្តាល)៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង-ស្រុកទាំង១១ និងអង្គភាពចំណុះសាលាខេត្ត ត្រូវបន្តខិតខំពង្រឹងលើប្រព័ន្ធការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព តែត្រូវខិតខំដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចខ្លួនឱ្យមានប្រសិទ្ធភាព កុំគេចវេសពីបញ្ហា សំដៅធ្វើឱ្យប្រជាពលរដ្ឋមានជំនឿចិត្ត មានភាពកក់ក្តៅ យល់ថាពេលមានបញ្ហា គឺអាជ្ញាធ័រតែងតែនៅចាំជួយដោះស្រាយជានិច្ច។

ឯកឧត្តមអភិបាល បានជំរុញដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កលក្ខណៈឱ្យកាន់តែងាយស្រួល ដល់ការងារគ្រប់គ្រងរដ្ឋបាល និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងទាន់ពេលវេលាឱ្យបានទ្វេរដង ជាពិសេសត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលនៅសេសសល់កន្លងមកឱ្យអស់ ម្យ៉ាងវិញទៀត ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ត្រូវខិតខំធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានតម្រូវឱ្យអាជ្ញាធរក្រុង-ស្រុកទាំង១១ ត្រូវធ្វើយុទ្ធនាការជំរុញដល់យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមក្នុងការដាំដើមឈើ និងផ្កាចំរុះនៅតាមដងផ្លូវក្នុងមូលដ្ឋានខ្លួន ដើម្បីសោភ័ណភាព និងលើកកម្ពស់បរិស្ថានស្អាត អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធធ្វើត្រូវផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីបញ្ហាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ បញ្ឈប់ការបោះសំរាមពាសការនៅតាមទីសាធារណៈ ត្រូវលើកទឹកចិត្ត និងណែនាំប្រជាពលរដ្ឋចូលរួមសំអាតបរិស្ថាន និងដាំដើមឈើ ដើមផ្កា និងឈើហូបផ្លែនៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យបានផលផុសផង ដើម្បីប្រែក្លាយបរិស្ថានយើង ឱ្យកាន់តែស្រស់បំព្រង មានសោភ័ណភាព និងភាពបៃតង។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះដែរគឺមានរបៀបវារៈសំខាន់ចំនួន ៧ សម្រាប់ធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យអង្គប្រជុំធ្វើការពិនិត្យ និងពិភាក្សាផងដែរ៕

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *