ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីសង្ស័យថា ពាក់ព័ន្ធករណីគ្រឿងញៀន។
នៅវេលាម៉ោង៣និង៣០ នាទីរសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យម្នាក់ឈ្មោះ សេវ ហួ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចារាយ មានលំនៅភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមទាំងវត្ថុតាង ថ្នាំញៀន។
យោងតាមការឲ្យដឹងពីអធិការនគរបាលស្រុកអូរយ៉ាដាវថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលអធិការស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសោមធំ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី គង់ សុភី អធិការរង បានដើរល្បាត នៅចំនុចភូមិសាស្រ្ត ភូមិសោមត្រក់ ឃុំសោមធំ ស្រុក អូរយ៉ាដាវខេត្តរតនគិរី។
បានជួបមុខសញ្ញាសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការឆែកឆេរឃើញ ម្ស៉ៅក្រាមពណ៌សរ០១កញ្ចប់តូច សង្ស័យ ថ្នាំញៀន នៅក្នុងកញ្ចប់បារីលុចសារី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកអូរយ៉ាដាវ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី៕