ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងចោទសហរដ្ឋអាមេរិកថា កំពុងព្យាយាមបង្កើត NATO នៅអាស៉ី

(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងមានបំណងបង្កើតបក្សសម្ព័ន្ធយោធា ដូចគ្នានឹងអង្គការណាតូ (NATO)

នៅក្នុងទ្វីបអាស៉ី ហើយទីក្រុងព្យុងយ៉ាងបានអះអាងទៀតថា ដោយសារតែគោលដៅឥតប្រែប្រួលរបស់អាមេរិក ក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកូរ៉េខាងជើង ទើបបង្ខំឲ្យខ្លួនត្រូវ បង្កើនសមត្ថភាពការពារជាតិកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ គឺមានខ្លឹមសារយ៉ាងដូច្នេះថា «តាមរយៈការធ្វើសមយុទ្ធយោធារួមគ្នាដោយឥតលាក់លៀមជាមួយជប៉ុន និងកូរ៉េខាងត្បូង គឺសហរដ្ឋអាមេរិក កំពុងព្យាយាមធ្វើសកម្មភាពយ៉ាងពេញទំហឹង ដើម្បីបង្កើតអង្គការណាតូតាមបែបអាស៉ី»។ ទីក្រុងព្យុងយ៉ាង ចង់សំដៅទៅលើសមយុទ្ធយោធានាពេលថ្មីៗនេះ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក, កូរ៉េខាងត្បូង និងជប៉ុន ខណៈកូរ៉េខាងជើងហៅសមយុទ្ធបែបនេះថា ជាការត្រៀមលក្ខណៈសម្រាប់ធ្វើសង្រ្គាម ហើយមានគោលបំណង ផ្តួលរំលំប្រទេសរបស់ខ្លួន។

គួរបញ្ជាក់ថា ម្តងហើយម្តងទៀត សហរដ្ឋអាមេរិកបានទទូចឲ្យកូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន និងបានស្នើឲ្យមានជំនួបជាមួយមន្រ្តីកូរ៉េខាងជើង ដើម្បីពិភាក្សាអំពីបញ្ហានេះ ប៉ុន្តែកូរ៉េខាងជើងបានបដិសេធ។ ការចោទប្រកាន់ខាងលើ ធ្វើឡើងចំពេលដែលមានការព្រួយបារម្ភជាអន្តរជាតិ លើការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈដែលមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាលើការដាក់ពង្រាយអាវុធជាចាំបាច់ ដើម្បីរារាំងសកម្មភាពរបស់កូរ៉េខាងជើង៕

ផ្តល់សិទ្ធិដោយ៖ freshnews

adm

Leave a Reply

Your email address will not be published. Required fields are marked *