(ខេត្ដព្រៃវែង)៖នាព្រឹកថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាលើកទឹកចិត្ត ដើម្បីថ្លែងអំណរគុណជូនដល់កងកម្លាំងទាំងបី និងអង្គភាពពាក់ព័ន្ធរួមមាន: ក្រុមគ្រូពេទ្យ ក៏ដូចជាកម្លាំងកម្មករបរិស្ថានអនាម័យ ក្នុងការបំពេញភារកិច្ចនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ព្រៃវែង ២០២២ ព្រមទាំងបានពិសារបាយសាមគ្គី នៅយប់ម្សិលមិញ ក្នុងសាលប្រជុំធំ (A) នៃសាលាខេត្តព្រៃវែងផងដែរ។
សូមជម្រាបថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាពពេញផ្ទៃប្រទេស និងភាពសប្បាយរីករាយមាននៅគ្រប់ទីកន្លែង ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំថ្មី ឆ្នាំ២០២២នេះ ខេត្តព្រៃវែងបានរៀបចំឡើងនៅព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកលេងកម្សាន្ត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសសើរ និងថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ក៏ដូចជាមន្ត្រីគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ក្នុងការរក្សានូវសន្តិសុខសុវត្ថិភាព និងបរិស្ថានអនាម័យ ជូនដល់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ព្រៃវែង និងនៅតាមមូលដ្ឋានក្នុងខេត្តទាំងមូល ។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង ក៏ដូចជាបណ្តាបងប្អូនមកពីខេត្តជាប់ព្រំប្រទល់ទាំងអស់ សូមបន្តត្រួតពិនិត្យសុខភាពរបស់ខ្លួន និងប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងសូមអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ និងបន្តចូលរួមចាក់វ៉ាក់សាំងដុសជំរុញអោយបានគ្រប់ៗគ្នា៕