(ភ្នំពេញ)៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា NaNa Anna ដែលបានសរសេរថា (ឡានទឹកចចារអត់ត្រូវមែន) ដែលជាករណីអគ្គិភ័យខាងលេីនេះ កេីតឡេីងនៅតាមបណ្តោយផ្លូវណតប្រ៊ិត ក្នុងភូមិទ្រុងមាន់សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ។
ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុក NaNa Anna ដែលបានសរសេរបែបនេះ និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលេីកងកម្លាំងសមត្ថកិច្ច ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។
សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ករណីអគ្គិភ័យកាលពីយប់មិញនេះ ដោយសារតែស្ថានភាពនៅទីតាំងកើតហេតុ មិនទាន់បានបិទចរន្តអគ្គីសនី ទើបខាងការិយាល័យរបស់យើងមិនអាចធ្វើការបាញ់ពន្លត់បាន។
សូមម្ចាស់ហ្វេសបុកឈ្មោះ NaNa Anna ខាងលេីនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ បើពុំដូច្នោះទេកងកម្លាំងសមត្ថកិច្ចនគរបាលយេីង និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕