ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីស្ថានីយ៍ជញ្ជីងកូនដំរី ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តមន្ទាយមានជ័យ ថ្លឹងរថយន្តខ្សែដឹកទំនិញរបស់ក្រុមហ៊ុនឥន្ទ្រី ស រួចប្រាប់ថាលើទម្ងន់ ត្រូវបង់ផាកពិន័យចំនួន ១ លានរៀល (មួយលានរៀល) រួចមក ក៏ស្រាប់តែនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ តៃកុងនិងព្រូ រថយន្តបានលើកគ្នាយករថយន្តជាង១០គ្រឿងធ្វើការបិតផ្លូវចេញ ចូល ស្ថានីយ៍ជញ្ជីងខាងលើនេះ ដើម្បីសុំការអន្តរាគមន៍ពីប្រធានគ្រប់គ្រងស្ថានីយ៍ជញ្ជីង និងប្រធានមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តបន្ទាយមានជ័យ។
បើតាមតៃកុងនិងព្រូរថយន្តដែលបានលើកគ្នាតវ៉ានោះបានឲ្យដឹងថា នេះមិនមែនជាលើកទីមួយនោះទេដែលស្ថានីយ៍ជញ្ជីងខាងលើនេះបានឃុបឃិតគ្នាធ្វើស៊ី ពោលគឺច្រើនលើកច្រើនសារមកហើយដោយថ្លឹងលើសជាង៤៥តោនរហូត ដែលត្រូវនឹងផែនការកំណត់ផាកពិន័យ តែផ្ទុយទៅវិញរាល់ដែលពួកគាត់មុននឹងដឹកចេញពីក្រុមហ៊ុន បានធ្វើការថ្លឹងគ្រប់តោនដែលក្រសួងកំណត់ឲ្យ ទាំងដឹកទៅភ្នំពេញ និងពីភ្នំពេញមកក្រុងប៉ោយប៉ែត ហើយបើដឹកមកពីភ្នំពេញមកក្រុងប៉ោយប៉ែតវិញមានស្ថានីយ៍ជញ្ជីងជាច្រើនកន្លែង នៅពេលថ្លឹងមិនដែលឆ្លើថា លើសបានម្តងណានោះទេ មានតែស្ថានីយ៍ជញ្ជីងកូនដំរី សង្កាត់និមិត្ត មួយនេះទេ ដែលចូលថ្លឹងពេលណាក៏ឆ្លើយថា លើសរហូត ដោយស៊ូទ្រាំនូវទង្វើរបស់ស្ថានីជញ្ជីងខាងលើពុំបាននោះ ក៏សម្រេចចិត្តលើកគ្នាតវ៉ា ដើម្បីស្វែងរកយុត្តិធម៌ពីថ្នាក់ដឹកនាំរបស់ក្រសួងតែម្តងទៅ។
តៃកុងនិងព្រូរថយន្តបញ្ជាក់ថា ក្រោយពីប្រតិកម្ម និងលើកគ្នាតវ៉ាអស់រយះពេលជាច្រើនម៉ោងនិងឲ្យដំណាងតៃកុងនិងព្រូរថយន្តចូលជួបចចារគ្នាមកនោះ ខាងមន្ត្រីស្ថានីយ៍ជញ្ជីងបានឲ្យរថយន្តដែលថ្លឹងរួចថាលើសតោនចូលថ្លឹងម្តងទៀត ជាលទ្ធផលឃើញថា ខុសគ្នានៅមុនពេលថ្លឹងទម្ងន់ជាង៤៥តោនត្រូវផាកពិន័យ តែក្រោយពេលថ្លឹងនៅសល់៤៤តោន ៣០០គីឡូ ដែលមិនត្រូវផាកពិន័យទៅវិញ រួចបានអនុញ្ញាតឲ្យពួកគាត់បន្តដំណើរដោយមិនមានការផាកពីន័យឡើយ។
ជាមួយគ្នានោះដែរពួកគាត់បានស្នើឲ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹងជញ្ជូន អញ្ជើញពិនិត្យមើលមន្ត្រីក្រោមឱវ៉ាតផង ដើម្បីជៀសវាងនាំឲ្យប៉ះពាល់ដល់ស្ថានីយ៍ជញ្ជីង និងមន្ត្រីល្អៗផ្សេងជាច្រើនរូបទៀត។
ជំវិញបញ្ហាខាងលើនេះដែរអ្នកសារព័ត៌មានយើងមិនអាចសុំការពន្យល់ណាមួយពីមន្ត្រីនៅស្ថានីយ៍ជញ្ជីងខាងលើបានទេ ខណៈចូលសួរនាំពួកគាត់មិនឆ្លើយតប ឈរធ្វើមិនដឹងថែមទាំងដេញអ្នកសារព័ត៌មានចេញទៀតផង។
ដោយឡែកលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ក៏មិនអាចសុំការពន្យល់ណាមួយបានដែរដោយខលទូរសព្ទ័ចូលគ្មានអ្នកទទួល៕