(ភ្នំពេញ )៖ ទិន្នន័យដែលប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលបាន ដាក់ក្នុងតំបន់ដែនជម្រកសត្វព្រៃកម្ពុជាបានចាប់បានរូបសត្វខ្លាពពក។ ទិន្នន័យទាំងនេះមានសារៈប្រយោជន៍ សម្រាប់ការរៀបចំគ្រប់គ្រងតំ បន់ការពារធម្មជាតិទាំងនោះ។ ខ្លាពពកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។ សត្វព្រៃដែលជាប្រភេទ សត្វកម្រជាច្រើនប្រភេទត្រូវបានក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថានថត បានតាមរយៈការដាក់ម៉ាស៊ីនថត ស្វ័យប្រវត្តិនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួនក្នុងប្រទេសកម្ពុជា។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។ បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន «ខ្លាពពកស្ថិតក្នុងក្រុមជិតផុតពូជ និងមានចុះក្នុងបញ្ជីឧបសម្ព័ន្ធសាយតេស។ សត្វប្រភេទនេះទទួលរងនូវការគំរាមកំហែងដោយសារតែការបរបាញ់ និងជាប់អន្ទាក់ហើយការ បាត់បង់ទីជម្រកដែលវាធ្លាប់ស្វែងរកចំណី និងរស់នៅក៏ជាបញ្ហាមួយដែលនាំឱ្យមានការថយចុះនៃចំនួនសត្វព្រៃដែរ»។ លោកបានថ្លែងថា មិនមានទិន្នន័យច្បាស់លាស់ថាបច្ចុប្បន្ន កម្ពុជាមានវត្តមានសត្វខ្លាពពកចំនួនប៉ុន្មានក្បាលឡើយ ប៉ុន្តែរបាយរស់នៅរបស់សត្វខ្លាពពក មាននៅភូមិភាគឦសាន និរតី និងភាគខាងជើង នៃប្រទេសកម្ពុជា។ បើតាមអ្នកជំនាញ សត្វខ្លាពពកត្រូវបានរកឃើញមាននៅប្រទេសបូតាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី (កោះស៊ូម៉ាត្រា) ឡាវ ម៉ាឡេស៊ី សារ៉ាវ៉ាក់ ភូមា នេប៉ាល់ ថៃ និងប្រទេសវៀតណាម។ ខ្លានេះបានផុតពូជនៅប្រទេសបង់ក្លាដេស សិង្ហបុរី និងតៃវ៉ាន់។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា […]