ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងនារសៀលថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៤ នេះថា ចាប់ពេលនេះតទៅ ចៅក្រមនៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវតែប្រកាន់ភ្ជាប់នូវការដោះស្រាយឲ្យបានឆាប់រហ័ស យុត្តិធម៌ ត្រឹមត្រូវ ដោយផ្អែកតាមច្បាប់ ជៀសវាងការធ្វើសកម្មភាពរបៀបត្រីងៀតឆ្លៀតពង។ ថ្លែងក្នុងសន្នីសីទសារព័ត៌មាននារសៀលថ្ងៃទី៩ ខែមករាឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា «ការដាក់ចេញនូវយុទ្ធនាការនិងពន្លឿនការដោះស្រាយរឿងក្តីតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនេះ ដើម្បីកម្ពស់ការផ្តល់សេវាយុត្តិធម៌ឲ្យបានឆាប់រហ័ស និងក៏ជាការក្រើនរំលឹកមួយដល់មន្ត្រីតុលាការថា ការជំរុញនិងការពន្លឿងដោះស្រាយឲ្យបានឆាប់រហ័សគឺជារឿងត្រូវអនុវត្តជាប្រចាំ»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា បើមានយុត្តិធម៌មួយដែលគេទន្ទឹងរងចាំយូរពេក វាជារឿងអយុត្តិធម៌ទៅហើយ នេះមិនទាន់គិតដល់គុណភាពនៃការសម្រេចសេចក្តីផង។ ដូច្នេះ ទោះបីជាយើងមិនទាន់ឃើញមានការកកស្ទះសំណុំរឿងនៅតាមតុលាការដូចពេលមុនក្តី ប៉ុន្តែក៏កត់សម្គាល់ថា សំណុំរឿងនៅតាមតុលាការពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងជាលំបាប់។ ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ការខិតខំដោះស្រាយសំណុំរឿងឲ្យបានឆាប់រហ័ស វាជាកិច្ចការដែលមន្ត្រីតុលាការគ្រប់រូបត្រូវអនុវត្តជាប្រចាំនិងគ្រប់ពេលវលាទាំងអស់គ្នា។ យើងសង្ឃឹមថាការដាក់ចេញយុទ្ធនាការនេះនឹងដោះស្រាយនូវរាល់រឿងក្តីផ្សេងៗ ពិសេសនោះសំណុំរឿងរដ្ឋប្បវេណី»។ ឯកឧត្តម កើត រិទ្ធ បានគូសបញ្ជាក់ថា «ការដាក់ចេញយុទ្ធនាគារនេះ គឺត្រូវផ្អែកលើមូលដ្ឋាននូវយុត្តិធម៌ សុចរិតភាព ភាពត្រឹមត្រូវ ដោយត្រូវធានាឲ្យបានជាដាច់ខាតនូវភាពលឿន ត្រឹមត្រូវយុត្តិ ធម៌ដោយផ្អែកលើច្បាប់ដោយមិនត្រូវឲ្យមានដាច់ខាតនូវសកម្មភាពត្រីងៀតឆ្លៀតពងតាមរយៈការប្រើយុទ្ធនាការនេះ»។ ឯកឧត្តមបានលើកឡើងទៀតថាយុទ្ធនាការដែលចាក់ចេញថ្ងៃនេះទី១. ដើម្បីជួយរក […]