ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ដេកស្លាប់ទាំងក្បាលព្រលប់ផ្អើលក្រុមគ្រួសារសង្ស័យខ្យល់គរ

(ខេត្តស្វាយរៀង)៖ មានការភ្ញាក់ផ្អើលទាំងក្បាលព្រលប់ ខណៈអ្នកភូមិក៏ដូចជាក្រុមគ្រួសារប្រទះឃើញបុរសម្នាក់ដេកស្លាប់ហើយក៏រាយការណ៍ទៅសមត្ថកិច្ចភ្លាមៗឱ្យមកពិនិត្យសពដែលពួកគាត់សង្ស័យថាជនរងគ្រោះប្រហែលជាខ្យល់គរ។ ហេតុការណ៍ប្រទះឃើញសពកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១ខែឧសភាឆ្នាំ២០២១ស្ថិតនៅភូមិព្រៃតាយឹង ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ ពៅ ភាព  អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ក្រោយពីមានសេចក្ដីរាយការណ៍ពីលោកមេភូមិភ្លាម សមត្ថកិច្ចស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យសព រួចហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែនដោយមិនមានអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ៕