ព័ត៌មានសន្តិសុខសង្គម

យុវជនម្នាក់ត្រូវគេចាក់មួយដាវជាប់និងខ្នង សង្ស័យរឿងគំនុំ!

ខេត្តស្ទឹងត្រែង៖ យុវជនម្នាក់ ត្រូវគេចាក់ពីក្រោយខ្នងនឹងដាវបណ្តាលឲ្យជាប់ផ្លែដាវ និងខ្នងរងរបួសជាទម្ងន់ ខណៈកំពុងជិះម៉ូតូមានគ្នា៣នាក់ នៅលើដងផ្លូវក្នុងភូមិ ។ ក្រោយកើតហេតុ យុវជនរងគ្រោះត្រូវបានឪពុកម្តាយ នាំយកមកសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ ។ ហេតុការណ៍យុវជនត្រូវគេចាក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីក្បាលព្រលប់ក្នុងថ្ងៃទី២៧មេសាម្សិលម៉ិញ ក្នុងទី ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ។ តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា យុវជនរងគ្រោះ មាន ឈ្មោះ គង់ ប៊ុននី អាយុ១៧ឆ្នាំ រស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ រីឯជនសង្ស័យ គឺជាក្រុមយុវជនដូចគ្នា សមត្ថកិច្ចនៅមិនទាន់កំណត់មុខសញ្ញាបាននៅឡើយទេ ។ ករណីនេះសមត្ថកិច្ចដាក់ការសង្ស័ យថាគឺជារឿងគំនុំធ្លាប់មានជម្លោះ និងគ្នាកាលពីមុន ។ បច្ចុប្បន្នសមត្ថកិច្ច បាននឹងកំណត់មុខសញ្ញា នឹងឈានទៅដល់ការស្វែងរកចាប់ខ្លួន ដើម្បីយកមកចាត់ការតាមនិតិវិធីច្បាប់ ៕