(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារ។ ជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌មួយចំនួនទៀតផងដែរ។ នៅក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រី និងលោក Vitit Muntarbhorn បានពិភាក្សា និងផ្លាស់ប្តូរព័ត៌មានគ្នាប្រកបដោយភាពស្និទ្ធស្នាល និងក្នុងន័យស្ថាបនាលើចំណុចសំខាន់ៗ ចំនួន ៣ រួមមាន៖ (១)-អំពីការអនុវត្តអនុសាសន៍នៃសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ៖ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌ តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តស្របតាមអនុសាសន៍នានា ប៉ុន្តែ បច្ចុប្បន្ន អនុសាសន៍នៃសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារនេះ កំពុងត្រូវបានត្រួតពិនិត្យដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាជាតិដើម្បីកុមារ ហើយក្រសួងយុត្តិធម៌នឹងចូលរួមពិនិត្យ និងអនុវត្តអនុសាសន៍ទាំងឡាយណាពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ក្រោយពីទទួលបាននូវអនុសាសន៍ទាំងនោះ។ (២)-អំពីភាពចង្អៀតណែនក្នុងពន្ធនាគារ៖ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ត្រូវចាប់ផ្តើមចេញពីការរកឱ្យឃើញនូវឫសគល់ពិតប្រាកដនៃបញ្ហា ហើយត្រូវតែដោះស្រាយដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ កន្លងទៅនេះ ក្រសួងយុត្តិធម៌ បានខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហានេះ […]