ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេលជិះម៉ូតូនៅលើដងផ្លូវបុកគោរត់ឆ្លងផ្លូវ

ខេត្តកែប៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ដោយករណីនេះបានកើតឡើងខណៈពេលមានសត្វគោមួយក្បាលរត់ផ្អើលឆ្លងផ្លូវ ទើបធ្វើឱ្យជនរងគ្រោះគេចមិនទាន់ម៉ូតូក៏ទាក់នឹងខ្សែចំណងគោបណ្តាលឱ្យដួលម៉ូតូ ហើយជនរងគ្រោះត្រូ​វគោផ្អើលរត់ជាន់បន្ថែមទៀតទើបរបួសកាន់តែធ្ងន់ធ្ងររហូតដល់ស្លាប់បាត់បង់ជីវិតបែបនេះ។

ហេតុការណ៍ដ៏កម្រនឹងកើតនេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប លើកំណាត់ផ្លូវជាតិលេខ៣៣។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឡុង សុខ ភេទប្រុស អាយុ៤២ឆ្នាំ មុនរបរជាងសំណង់ មានទីលំនៅភូមិអង្គ្រង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ជុំវិញករណីគ្រោះថ្នាក់នេះដែរ សាក្សីដែលបានឃើញហេតុការណ៍ខាងលើបាននិយាយថា មុនពេលជួបគ្រោះថ្នាក់ គេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាក C125 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏មានគោមួយក្បាលដែលម្ចាស់ចងក្បែរផ្លូវជាតិលេខ៣៣ លុះពេលឃើញម៉ូតូជនរងគ្រោះមកដល់ស្រាប់តែគោនោះផ្អើលរត់ឡើងលើផ្លូវ គាប់ជួនម៉ូតូបុរសរងគ្រោះមកដល់ក៏ប្រទាក់នឹងខ្សែចំណងគោ ហើយដួលម៉ូតូប្រាវធ្វើឱ្យគោកាន់តែផ្អើល ពេលនោះសត្វគោបានរត់ជាន់ជនរងគ្រោះបន្ថែម បណ្តាលឱ្យរងរបួសកាន់តែរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់នៅឯមន្ទីរពេទ្យ។

បច្ចុប្បន្ន សពបុរសរងគ្រោះ ត្រូវក្រុមគ្រួសារដឹកមកតម្កល់នៅឯលំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ចំពោះករណីគ្រោះថ្នាក់ផ្តើមដោយសារសត្វស្រុកមានចំណងដូចខាងលើ មជ្ឈដ្ឋានទូទៅបានលើកឡើងថា បើម្ចាស់សត្វគោយកទៅចងក្បែរដងផ្លូវជាត់ ដោយមានចំណងវែងហួសប្រមានហើយបង្កគ្រោះថ្នាក់បែបនេះ តើម្ចាស់សត្វមានការទទួលខុសត្រូវដែរឬទេ? ហើយមានច្បាប់វែកញែករកខុសរកត្រូវជូនដល់ជនរងគ្រោះដែរឬទេ?៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *