ព័ត៌មានជាតិ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​អភិបាលខេត្តកំពង់ចាម​៖ សន្តិភាពត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍

(ខេត្ដកំពង់ចាម)៖ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ សន្តិភាពត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ ហើយតម្លៃសន្តិភាពត្រូវបានចារិតទុកក្នុងក្រអៅបេះដូង និងជាសេចក្តីត្រូវការចាំបាច់បំផុតរបស់ប្រជាជនកម្ពុជាទាំងមូល។​ ការថ្លែងយ៉ាងដូច្នេះក្នុងអង្គសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ​ និងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមការកំណត់​(UPR)​ ដែល​បាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃទី​១០​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅ​សាលា​ខេត្តកំពង់ចាម​ ក្រោម​វត្តមាន​ ឯកឧត្តម​ កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី​ និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា​ និង​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ​​​។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​លេីកឡេីងទៀតថា​ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិភាព ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកិច្ចការទាំងនេះមិនត្រូវកាត់ផ្តាច់ ឬរំលងពីការគោរពសិទ្ធិមនុស្ស និងការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប​នោះឡើយ ហេីយកិច្ចការទាំងនេះអាចប្រព្រឹត្តិទៅបាន​ គឺអាស្រ័យលើកត្តាសន្តិភាព​ផងដែរ​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បានថ្លែងអំណរគុណ ចំពោះគណៈ​កម្មាធិការសិទ្ធិមនុស្ស​កម្ពុជា​​ដែល​បាន​ជ្រើសរើសយកខេត្តកំពង់ចាម សម្រាប់ការរៀបចំសិក្ខាសាលានេះឡើង ​ក្នុងន័យ​ផ្សព្វផ្សាយ​ឱ្យ​យើងទាំងអស់​គ្នា​បានដឹងអំពីរបាយការណ៍ជាតិ និងអនុសាសន៍ នៃយន្តការជាសកលតាមកាលកំណត់ (UPR) ដែលជាយន្តការមួយ​នៃ​អង្គការសហប្រជាជាតិដែលពិនិត្យ​លើគ្រប់វិស័យពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជារួមមាន សិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិទទួលបានការអប់រំ និងសិទ្ធិទទួលបានព័ត៌មាន ជាដើម។​

ជាមួយគ្នានោះ​ ឯកឧត្តម​ កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី​ និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានលើកឡើងថា សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ លោក​យកចិត្តទុកដាក់ខ្លាំង​ណាស់​ អំពីសិទ្ធិ​រស់រាន​មាន​ជីវិត​ បន្ទាប់ពីរំដោះ​ប្រទេសជាតិ​ចេញពី​ភ្នក់ភ្លើង​សង្គ្រាម​ ហើយ​បាននាំមកនូវសុខសន្តិភាព ដោយ​មានការ​អភិវឌ្ឍន៍​លេី​គ្រប់​វិស័យ​ ព្រមជាមួយ​ការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស នីតិរដ្ឋ ផងដែរ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *