(ខេត្តកំពត)៖ ក្មេងសិស្សសាលាដែលជិះម៉ូតូ២គ្រឿងចេញមកពីរៀនគួរពេលយប់ ត្រូវរថយន្តម៉ាក ម៉ាស្តាពណ៌ស រេចង្កូតបុករះពេញទំហឹងបណ្តាលឱ្យក្មេងចំនួន៤នាក់ស្លាប់គួរឱ្យសង្វេគនៅកន្លែងកើតហេតុភ្លាមៗ។
ដោយហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចស្ថានីយ៍ប្រេងមួយកន្លែង ស្ថិតក្នុងភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត លើដងផ្លូវជាតិលេខ៣១។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុខពេលកើតរឿងដ៏អាក្រក់នេះ គេឃើញរថយន្តប្រភេទធុនធ្ងន់(ពោងស៊ីម៉ងត៍)បានធ្វើដំណើរពីជើងទៅត្បូង ហើយរថយន្តនោះបានវាជែងម៉ូតូសិស្សសាលា២គ្រឿងដែលបើកបរស្របគ្នា គាប់ជួនមានរថយន្តម៉ាកម៉ាស្តាមួយគ្រឿងដែលបោះពួយមកពីត្បូងទៅជើងក្នុងទិសដៅបញ្ច្រាស់បានមកដល់វាក់អ៉ើ ទើបគេចគ្នាមិនផុតរថយន្តទាំងពីរគ្រឿងក៏ប៉ះទង្គិចគ្នាប្រាវ ហើយរថយន្តម៉ាស្តារេចង្កូចជ្រុលទៅបុករះម៉ូតូសិស្សសាលា២គ្រឿង ដែលមានមនុស្ស៤នាក់បណ្តាលឱ្យអ្នកបើកម៉ូតូនិងអ្នករួមដំណើរស្លាប់ដេករដូករណែលពេញផ្លូវតែម្តង។
ជុំវិញករណីគ្រោះថ្នាក់ចរាចរខាងលើ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍នោះសុទ្ធតែជាក្មេងសិស្សសាលាដោយជនរងគ្រោះទាំង៤នាក់ជិះម៉ូតូ២គ្រឿង ទី១-ឈ្មោះ លី ជីអ៊ិន ភេទប្រុស អាយុ១៦ឆ្នាំ ,ទី២-ឈ្មោះ យុ មេត្តា ភេទប្រុស អាយុ១៥ឆ្នាំ (ជិះម៉ូតូស្កុបពី)ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិកន្លង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត,ទី៣-ឈ្មោះ ផាត់ ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិដើមចំរៀក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស,និងទី៤-ឈ្មោះ ឈាង បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ជនរងគ្រោះទាំងពីរជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧។
បច្ចុប្បន្នជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ត្រូវបានអាណាព្យាបាលមកទទួលយកទៅកាន់លំនៅឋានរៀងៗខ្លួន ដើម្បីរៀបចំធ្វើបុណ្យប្រពៃណី។ចំណែកមធ្យោបាយពាក់ព័ន្ធសមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិកសរដ្ឋាននគរបាលស្រុកកំពង់ត្រាច ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕