(ខេត្តកែប)៖ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប និងក្រោមការណែនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន រួមទាំងវត្ថុតាងមួយចំនួន ទៅសាលាដំបូងខេត្តកែប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ជនសង្ស័យខាងលើមានឈ្មោះ គា លីកា ភេទប្រុស អាយុ៤៥ឆ្នាំ ជាកម្មករសំណង់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប ដែលដឹកនាំចុះសហការបង្ក្រាបដោយលោកវរសេនីយ៍ទោ សូ បញ្ញា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិ,សង្កាត់កើតហេតុខាងលើ។
កិច្ចប្រតិបត្តិការនេះនគរបាលយើងដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន១៦កញ្ចប់ (ទម្ងន់២.៨៨ក្រាម ថ្លឹងទាំងថង់) ,ម៉ូតូចំនួន១គ្រឿង ,ចិញ្ចៀនចំនួន៣វង់(លោហធាតុពណ៌លឿង) និងទូរសព្ទដៃចំនួន២គ្រឿងផងដែរ៕